អ្នកសារព័ត៌មានពីររូប ធ្វើការឲ្យបណ្តាញព័ត៌មាន Fox News ស្លាប់នៅក្នុងការវាយប្រហារពីកម្លាំងទាហានរុស្ស៊ីនៅជាយក្រុងកៀវ ប្រទេសអ៊ុយក្រែន។ តាមការផ្សាយរបស់បណ្តាញទូរទស្សន៍ Fox News នៅថ្ងៃទី១៥ខែមីនា ឆ្នាំ២០២២ បានផ្សាយថា អ្នកសារព័ត៌មានស្លាប់នោះមាន អ្នកថតវីដេអូដ៏ជំនាញ លោក Pierre Zakrzewski អាយុ៥៥ឆ្នាំជាជនជាតិអៀកឡង់ និងអ្នកផលិត នាង Oleksandra “Sasha” Kuvshynova អាយុ២៤ឆ្នាំ ជាជនជាតិអ៊ុយក្រែន បានស្លាប់ពេលរថយន្តដឹកអ្នកទាំងពីរត្រូវគ្រាប់នៅជាយក្រុងកៀវ ។ លោក Pierre Zakrzewski គឺជាអ្នកប្រមាញ់រូបភាពជើងចាស់របស់ Fox News ប្រចាំទីក្រុងឡុងដ៏ ហើយលោកបានធ្វើការនៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក។ ក្នុងអាជីពលោក លោកបានផ្តិតយកព័ត៌មាន ដែលទាក់ទងនឹងជម្លោះជាច្រើន សម្រាប់ Fox News រួមទាំងសង្រ្គាមក្នុងប្រទេសអ៊ីរ៉ាក់, អាហ្វហ្កានីស្ថាន និងស៊ីរី ផងដែរ។ រយៈពេលជិត៣សប្តាហ៍កន្លងនេះ យ៉ាងហោចណាស់អ្នកកាសែតចំនួន៤រូប បានស្លាប់ក្នុងការប្រយុទ្ធគ្នា នៅអ៊ុយក្រែន។ មេបញ្ជាការប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា លោក Brent Renaud ដែលអ្នកផលិតខ្សែភាពយន្ត និងជាអ្នកកាសែតម្នាក់របស់អាមេរិក ត្រូវបានកងទ័ពរុស្ស៊ីបាញ់សម្លាប់ នៅក្បែរទីក្រុងកៀវ កាលពីពេលថ្មីៗកន្លងទៅ៕ដោយ៖សាធី
រូបថត៖Fox News