ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ KHAMLIENG OUTHAKAISONE ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដែលជំនួបនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះឧត្ដមសេនីយ៍ទោ ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដែលបានដឹកនាំប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ។
នាយឧត្តមសេនីយ៍សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវនឹងចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈល្អៗ ដើម្បីសហគមន៍អាស៊ានបន្តរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ក្នុងកិច្ចឆ្លើយតប ឧត្តមសេនីយ៍ទោ KHAMLIENG OUTHAKAISONE បានថ្លែងការកោតសរសើរ និងគាំទ្រ ចំពោះការសម្រេចចិត្តខ្ពស់របស់កងយោធពលខេមរភូមិន្ទ ដែលបានរៀបចំកិច្ចប្រជុំដោយផ្ទាល់នាឆ្នាំនេះ។
លោកឧត្តមសេនីយ៍ទោ ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការល្អ ធានាបានសុខសន្តិភាព ស្ថិរភាពនៅតាមបណ្ដោយព្រំដែន ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ៕
ដោយ: សិលា