(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ អគ្គមេបញ្ជាការកងទ័ពអាស៊ានទាំង ១០ ប្រទេស បានបិទបញ្ចប់កិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងអនុម័តលើឯកសារមួយចំនួន។
នៅមុនបិទកិច្ចប្រជុំ ថ្នាក់ដឹកនាំអគ្គបញ្ជាការកងទ័ពអាស៊ានទាំង ១០ ប្រទេស បានធ្វើការពិភាក្សាដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយផ្លែផ្កា ជាមួយនឹងការផ្លាស់ប្តូរទស្សនៈ ព័ត៌មានស្តីពីបរិយាកាសសន្តិសុខក្នុងតំបន់ ជាពិសេសក្រោមទិសស្លោក «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។
ថ្នាក់ដឹកនាំអគ្គបញ្ជាការអាស៊ានទាំង ១០ ប្រទេសបានធ្វើការអនុម័តសេចក្តីថ្លែងការណ៍រួម និងផែនការសកម្មភាពការងារយោធាអាស៊ានរយៈពេលពីរឆ្នាំ(២០២២-២០២៤)។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមជាប្រធានកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មពីបណ្តាអគ្គមេបញ្ជាការគ្រប់រូប ដែលធ្វើឲ្យកិច្ចប្រជុំនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានជំនឿយ៉ាងមុតមាំថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពអាស៊ាន យើងនឹងនៅតែបន្តទិសដៅក្នុងការសម្រេចឲ្យបានតំបន់អាស៊ានដែលមានសន្តិភាព ស្ថិរភាព សុខសុវត្ថិភាព និងវិបុលភាព។
ប្រធានកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ បានធ្វើការប្រគល់ទង់ផ្ទេរតំណែងប្រធាននៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ ជូនដល់កងទ័ពឥណ្ឌូណេស៊ី ជាមួយនឹងការប្តេជ្ញាគាំទ្រភាពជាម្ចាស់ផ្ទះរបស់កងទ័ពឥណ្ឌូនេស៊ី ក្នុងស្មារតីបន្តវឌ្ឍនភាព និងការកសាងកិច្ចសហប្រតិបត្តិការយោធាឲ្យកាន់តែប្រសើរឡើងថែមទៀត។
ឧត្តមសេនីយ៍ឯក EKO MARGIYONO នាយអគ្គសេនាធិការកងទ័ពឥណ្ឌូណេស៊ី ក្នុងពេលទទួលតំណែងជាប្រធានកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩របស់កម្ពុជា ដោយសម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ និងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់តំបន់៕