នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គសេនាធិការកងទ័ពឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ឯក EKO MARGIYONO នាយអគ្គសេនាធិការកងទ័ពឥណ្ឌូណេស៊ី បានដឹកនាំប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការអរគុណចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់កងទ័ពឥណ្ឌូណេស៊ី ហើយបានចូលរួមបញ្ចេញទស្សនៈការគាំទ្រកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ធ្វើឲ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទនៈ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌូណេស៊ី ដែលកន្លងមកបានជួយបណ្តុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងវិស័យយោធារបស់អាស៊ាន ព្រមទាំងការផ្ដល់មធ្យោបាយសម្ភារៈ គ្រឿងបំពាក់ជាច្រើនទៀត។

ក្នុងកិច្ចឆ្លើយតប ឧត្ដមសេនីយ៍ឯក EKO MARGIYONO បានថ្លែងអំណរគុណ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ និងសហការី ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ហើយបានវាយតម្លៃខ្ពស់ ចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធាននៃកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ ។

ឧត្តមសេនីយ៍ឯក EKO MARGIYONO បានរំលេចនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលធ្លាប់មានតាំងពីយូរមកហើយ ហើយបច្ចុប្បន្នឥណ្ឌូនេសុីនៅតែបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពីស្ថានភាពនៃការឆ្លងជំងឺកូវីដបានធូរស្រាល៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print