តាមសារព័ត៌មាន Fox News បានដកស្រង់ការប្រកាសពីមន្ត្រីចារកិច្ចអាមេរិកដែលបានបង្ហាញពីក្តីបារម្ភពីការប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារអ៊ុយក្រែន ។ ពេលនេះមានសញ្ញាជាច្រើនបង្ហាញឱ្យឃើញថា លោកពូទីនអាចនឹងឈានដល់ការប្រើប្រាស់គ្រាប់បែកបរមាណូប្រសិនបើអ៊ុយក្រែននៅតែបន្តរារាំងកម្លាំងទាហានរុស្ស៊ីនៅក្នុងសមរភូមិ។ ឧត្តមសេនីយ៍ Scott Berrier អគ្គនាយកក្រសួងចារកិច្ចការពារជាតិអាមេរិក(DIA) បានលើកឡើងថា «នៅពេលសង្គ្រាមអ៊ុយក្រែនធ្វើឱ្យកម្លាំងទាហានរុស្ស៊ីចុះខ្យោយ រុស្សីអាចនឹងប្រើប្រាស់គ្រាប់បែកបរមាណូដើម្បីយកឈ្នះនៅក្នុងសមរភូមិនោះ។ គ្រាប់បែកបរមាណូ ក៏ជាការគំរាមកំហែងដល់បណ្តាប្រទេសលោកខាងលិចផងដែរ»។ មន្ត្រីអាមេរិកបានលើកឡើងថា លោកពូទីនមានគោលបំណង«ប្រែក្រឡាស់សន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញក្រោយសង្គ្រាមត្រជាក់ ដែលពឹងផ្អែកទៅលើច្បាប់កំណត់ដោយអាមេរិក និងបង្រួបបង្រួមប្រទេសជាអតីតសហភាពសូវៀត ។ ឧត្តមសេនីយ៍ Scott Berrier បានបញ្ជាក់ទៀតថា «រុស្ស៊ីបានចាត់ទុកកម្លាំងបរមាណូគឺមានភាពខ្លាំងក្លារឹងមាំ សម្រាប់សន្តិសុខជាតិក៏ដូចជាឧបករណ៍បង្ហាញពីកម្លាំងដ៏រឹងមាំអាចទប់ទល់រាល់ការគំរាមកំហែងណាមួយពីខាងក្រៅ»។ ក្នុងពេលរុស្ស៊ីចាប់ផ្តើមសង្គ្រាមវាយប្រហារអ៊ុយក្រែន ប្រធានាធិបតីពូទីនក៏បានចេញបញ្ជាឱ្យក្រសួងការពារជាតិដាក់កងកម្លាំង បរមាណូយុទ្ធសាស្ត្រស្ថិតនៅក្នុងការត្រៀមលក្ខណៈជានិច្ចរង់ចាំបទបញ្ជានឹងវាយប្រហារទៅលើគោលដៅ៕ ដោយធីរីណា
រូបថត៖ Military.
រូបថត៖Reuters.