ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០៥នាក់ ពាក់ព័ន្ធ​ករណី​វាយប្លន់យកទ្រព្យសម្បត្តិពីពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌច្បារអំពៅ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រោយឃាត់ខ្លួន​ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៥នាក់ ពាក់ព័ន្ធ​ករណី​វាយប្លន់យកទ្រព្យសម្បត្តិពីបុរសម្នាក់បានសម្រេច ហើយយកមក​សាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់​។

ជនសង្ស័យមានឈ្មោះ ឌី កក្កដា ( ហៅ ចេក ) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ (មានផ្ទុកសារធាតុញៀន)។ រីឯ​បក្សពួកចំនួន០៤នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី។

ចំណែកជនរងគ្រោះ មានឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរមេជាងសិប្បកម្មដែកគោល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប្រភពដដែលបន្តថា​ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគរបាល​ច្បារអំពៅ២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ បន្ទាប់​ពី​រត់គេចខ្លួនអស់ជាច្រើនថ្ងៃ​។

យោង​តាម​ដំណើរ​រឿង​ បានឱ្យដឹងថា​ មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងមកឈប់កន្លែងកេីតហេតុ រួចក៏ដើរ​ទៅបត់ជើងតូច។ ភ្លាមនោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យចំនួន​ ០៥នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ​១០០កូរ៉េ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក ទៅឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដំបងឈើមូល មកធ្វើ​សកម្មភាព​វាយជនរងគ្រោះ បណ្តាលឲ្យរបួសថ្ពាល់ខាងស្តាំ និងបែកច្រមុះដួលសន្លប់លើដី​។

ប្រភពដដែលបន្តថា​ ក្រោយ​ធ្វើ​សកម្មភាព​វាយជនរងគ្រោះ ឱ្យដួលសន្លប់រួចមក ជនសង្ស័យទាំងអស់​នោះ​ បានយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួម​មាន៖ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកស៊ែវមី ពណ៌ខ្មៅ និងប្រាក់ ៥ម៉ឺនរៀល រួចនាំគ្នាគេចខ្លួន ដោយយកលុយនោះ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះ គឺជនសង្ស័យឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ជាអ្នកលាក់ទុក។

ក្រោយ​កេីត​ហេតុ​ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាល​ច្បារអំពៅ២​ បន្ទាប់​ពី​ទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចនគរបាល​ខណ្ឌច្បារអំពៅ​ ក៏បានបើកការស្រាវជ្រាវ រហូតដល់ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ​ម្នាក់ឈ្មោះ ឌី កក្កដា​ បានតែម្តង។ រីឯ​បក្សពួក០៤នាក់ទៀត​ កំពុងរត់គេចខ្លួន​ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមក​ដាក់ទោសតាមច្បាប់។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print