តាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកMalcolm Tumbull បញ្ជាក់ ថា ការបោះឆ្នោតមុនកាលកំណត់នឹងអាចរៀបចំធ្វើនៅថ្ងៃទី ២កក្កដាឆ្នាំនេះ។ ការបោះឆ្នោតមុនកំណត់ដើម្បីធ្វើឲ្យរដ្ឋាភិបាល ថ្មីមានសិទ្ធិពេញលេញនៅក្នុងការសម្រេចនយោបាយសំខាន់ៗក្រោយពេលដែល ព្រឹទ្ធសភាអូស្ត្រាលីបានបោះឆ្នោតប្រឆាំងសេចក្តីព្រាងច្បាប់ការងារដែលស្នើឡើងដោយរដ្ឋាភិបាល។
លោកMalcolm Tumbull ធ្លាប់ព្រមាន រួចហើយពីការរំលាយសភាទាំង២ជាន់ថ្នាក់ និងការបោះឆ្នោតមុនកាលកំណត់ បើសិនសភារបស់អូស្ត្រាលីមិនព្រមបោះឆ្នោតអនុម័តច្បាប់ដែលរដ្ឋាភិបាលស្នើឡើងនោះ។ នៅថ្ងៃចន្ទព្រឹទ្ធសភានៅតែរឹងទទឹងមិនបោះឆ្នោតគាំទ្រច្បាប់ស្តីពីសហជីពដែល រដ្ឋាភិបាលស្នើឡើងដើម្បីធ្វើកំណែទម្រង់ទីផ្សារការងារ។
ប្រមុខរដ្ឋាភិបាលមកពីក្រុមអភិរក្ស និយមអូស្ត្រាលីបានដឹងរួចទៅហើយពី និន្នាការប្រឆាំងរបស់សភាចំពោះគម្រោងច្បាប់របស់រដ្ឋាភិបាលហើយក៏ប៉ងចង់ឲ្យមានរឿងដូច្នេះកើតឡើងដែរ ដើម្បីបានលេសទៅសុំការអនុញ្ញាតពីប្រមុខរដ្ឋដែលជាអ្នកតំណាងរបស់ព្រះមហាក្សត្រីអេលីហ្សាប៊ែត ដើម្បីរៀបចំបោះឆ្នោតមុនកាល កំណត់។
លោកMalcolm Tumbull និយាយថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការរហូត ដល់ថ្ងៃទី៣ឧសភា គឺថ្ងៃដែលរដ្ឋាភិបាល របស់លោកនឹងលើកគម្រោងថវិកាជាតិថ្មី។ មើលពីខាងក្រៅការបោះឆ្នោតមុនកាល កំណត់នឹងអាចធ្វើឲ្យលោកធើនប៊ុលខាតបង់ប្រយោជន៍ព្រោះលោកទើបតែចូល កាន់តំណែងជានាយករដ្ឋមន្រ្តីបានត្រឹម៨ខែប៉ុណ្ណោះ។ ប៉ុន្តែលោកធើនប៊ុល ជា មហាសេដ្ឋី ជាអ្នកកាសែត អ្នកច្បាប់ និង អ្នកជំនួញមិនញញើតនឹងខ្លាចបាត់បង់ តំណែងនាយករដ្ឋមន្រ្តីរបស់លោកនោះ ទេ។ អ្វីដែលសំខាន់សម្រាប់លោកធើន ប៊ុល គឺការធ្វើកំណែទម្រង់នៅអូស្ត្រាលី ដែលលោកធ្លាប់បានសន្យានៅពេល លោកចូលកាន់តំណែងកាលពីខែកញ្ញាឆ្នាំមុន។
ការបោះឆ្នោតមុនកាលកំណត់នៅខែ កក្កដាខាងមុខក៏ជាឱកាសពិសេសដើម្បីធ្វើកំណែទម្រង់ប្តូរមុខមាត់ព្រឹទ្ធសភាដែល រហូតមកដល់ពេលនេះគ្រប់គ្រងភាគច្រើនដោយគណបក្សពលករនិងក្រុមគណបក្សតូចៗដែលឯករាជ្យដែលជាគូប្រជែងរបស់គណបក្សសេរីរបស់លោក ធើនប៊ុល។ ម្យ៉ាងទៀតតាមរយៈការរំលាយសភានិងការបោះឆ្នោតមុនកាលកំណត់លោកធើនប៊ុលមានបំណងពង្រឹងឥទ្ធិពលអំណាចផ្ទាល់ ខ្លួននៅក្នុងគណបក្សសេរីដែលលោកធ្លាប់បានដណ្តើមម្តងហើយពីលោកអតីតនាយក រដ្ឋមន្រ្តីតូនី អាបូត កាលពីខែកញ្ញាឆ្នាំមុន។
ក្នុងរឿងបោះឆ្នោតមុនកាលកំណត់ និងការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីអូស្ត្រាលី កំពុងដើរលើគន្លងផ្លូវរបស់ប្រទេសជប៉ុន។ការបោះឆ្នោតជាផ្លូវការនៅអូស្ត្រាលីត្រូវ រៀបចំនៅឆ្នាំ ២០១៧ ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះអូស្ត្រាលីបានផ្លាស់ប្តូរនាយករដ្ឋមន្រ្តីដល់ទៅ៥ដងឯណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី