ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូន ឧកញ៉ា កុយ សុវណ្ណ នាយក ក្រុមហ៊ុន បេស ខម គឺអញ្ជើញមកទូទាត់បំណុលពន្ធជូនរដ្ឋ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនឧកញ៉ា កុយ សុវណ្ណ នាយកក្រុមហ៊ុន ជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋាន ពន្ធដារបានអញ្ជើញឧកញ៉ានាយកក្រុមហ៊ុនមកដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញជួនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ៉ានាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។
អនុលោមតាមមាត្រា៩៥ (ថ្មីចំណុចទី៦ កថាខណ្ឌនៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញឧកញ៉ានាយកក្រុមហ៊ុនមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ ឧកញ៉ានាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧, ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ឧកញ៉ានាយកក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ៕