ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានប្រាប់សារព័ត៌មានថា , វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន១៣៩.២៣០ដូស ដែលទិញដោយការប្រើប្រាស់ថវិកាអាស៊ាន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅម៉ោង២ និង១០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នេះ តាមជើងយន្តហោះ Qarta Airways។
សូមជម្រាបថា, លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្ដល់ជំនួយសារជាថ្មីនៅវាក់សាំងចំនួន ២០លានដូស ក្នុងចំណោម ២០លានដូសនេះគឺ ៤លានដូសនឹងមកដល់កម្ពុជានៅចុងខែមីនានេះ លើសពីនេះទៀត លោក ស៊ី ជីនពីន បានប្រកាសថានឹងធ្វើការរួមគ្នាជាមួយនឹងកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជាផងដែរ។
ការប្រកាសនេះក្នុងឱកាសដែលលោក ស៊ី ជីងពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ទសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២២ម្សិលមុិញ។
សូមជម្រាបទៀតថា, នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា(Astrazeneca) ចំនួន ៥២៣,០០០ ដូស ជាជំនួយរបស់ប្រទេសហុងគ្រី ដែលពីធីប្រគល់-ទទួល វ៉ាក់សាំងនេះ ត្រូវបានធ្វើឡើងនៅ វិមានសន្តិភាព។
ដោយឡែកនៅកម្ពុជា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២១,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៤៥,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,៣៧% ៕