ភ្នំពេញ÷នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង (Nguyen Tan Cuong ) ប្រធានអគ្គ សេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីការពារប្រទេស ។
នៅក្នុងជំនួបនោះលោកង្វៀន តឹនគឿង បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានគោរពសម្ដែងនូវការអបអរ សាទរចំពោះសម្តេចតេជោនិងរាជ រដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩បានជោគជ័យ ដោយបានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជា ពលរដ្ឋបានជាង៩០% ដែលនេះជាចំនួនច្រើនបំផុតនៅក្នុងពិភពលោក និងនៅក្នុងតំបន់។ លោកក៏សូមសម្តែងនូវការអបអរសាទរផងដែរពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំអគ្គ បញ្ជាការដែលធ្វើដោយផ្ទាល់ បន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់២ឆ្នាំកន្លងមក។ លោកក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោថា កងទ័ពទាំង២នឹងរៀបចំឲ្យមានកិច្ចប្រជុំនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការពារជាតិ ការបង្កើត Hot line ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឲ្យទាន់ពេលវេលា ហ្វឹកហាត់ការស្រាវជ្រាវ និងសង្គ្រោះបន្ទាន់ រួមទាំងចែករំលែកព័ត៌មាន រក្សាសន្តិសុខ និងសុវត្ថិភាពតាមព្រំដែន។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍របស់លោក ង្វៀន តឹនគឿង និងលើកទឹកចិត្តឲ្យកងទ័ពទាំង២ បន្តកិច្ចសហប្រតិបត្តិការខាងលើ និងស្វែងរកកិច្ចសហប្រតិបត្តិការដទៃទៀតដែលអាចធ្វើបាន ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជនរស់នៅតាមព្រំដែន ដើម្បីឲ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច ប្រែក្លាយព្រំដែនដែលធ្លាប់ជាទីតាំងសមរភូមិឲ្យទៅជាតំបន់គ្របដណ្តប់ដោយការអភិវឌ្ឍ សន្តិភាព និងមិត្តភាព។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក ង្វៀន តឹនគឿង អំពីយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងនៅកម្ពុជា ដែលនាំដល់ការទទួលបានជោគជ័យ និងបើកប្រទេសឡើងវិញតាមរយៈ ទី១) អ្នកដំណើរមកកម្ពុជាពុំចាំបាច់មានវិញ្ញាបនបត្របញ្ជាក់ការធ្វើតេស្ត PCR 72 ម៉ោង មុនធ្វើដំណើរមកកម្ពុជាទេ ទី២)មិនតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជាទេនិងទី៣) អនុញ្ញាតទិដ្ឋាការនៅពេលមកដល់កម្ពុជា។ ជាមួយគ្នានោះដែរសម្តេចតេជោក៏បានកោតសរសើរដល់ការចូលរួមចំណែករបស់កងទ័ពទាំង២ ក្នុងការកសាងការពារ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាម៕
ដោយ៖ សូរិយា