ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តទំនេីបម៉ាក Ford ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូដឹកសាច់ជ្រូកមកបុកបញ្ឆិតចំពីមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧ (ចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុមានបុរស
ម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Ford ពណ៌ស (ស្លាកលេខរថយន្តត្រូវម្ចាស់យកលាក់ទុក) ចេញពីផ្ទះហេីយឆ្លងកាត់ទទឹងផ្លូវ ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-1962 ដឹកសាច់ជ្រូកពីជេីងមកត្បូងក្នុងល្បឿនលឿនល្មម ហេីយជ្រុលទៅបុករថយន្តខាងលេីចំបញ្ឆិតពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូដួលនិងធ្លាក់សាច់ជ្រូករាយពេញផ្លូវ ឯម្ចាស់រងរបួសស្រាល ។ ចំណែករថយន្តខាងលេីបានធ្លាក់កាងរងការខូចខាត ហេីយភ្លាមៗនោះតៃកុងរថយន្តបានថយក្រោយមកទុកមុខផ្ទះវិញ ដោយមិនរង់ចាំសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែង
កេីតហេតុសិននោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដេីម្បីសម្រួលដល់ភាគីរថយន្តនិងម៉ូតូខាងលេី តែភាគីទាំងសងខាងនិយាយរកតែត្រូវរៀងៗខ្លួន ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានាពេលក្រោយទៀត ៕ ដោយ ៖ ភារ៉ា ដង្កោ