ស្ពានតភ្ជាប់ពីឆ្នេរសមុទ្រអឺរ៉ុបនិងអាស៊ីនៅក្នុងប្រទេសតួកគី គឺស្ពាន Canakkale 1915 ត្រូវបានកសាងឡើងដោយក្រុមហ៊ុនតួកគី និងកូរ៉េខាងត្បូង ដោយបានចំណាយប្រាក់រហូតដល់ទៅ ២,៨ពាន់លានដុល្លារ ។ ស្ពាននេះ មានបង្កោលឆ្ងាយពីគ្នាបំផុតត្រង់ចំណុចកណ្តាលមិនធ្លាប់មាន ក្នុងចំណោមស្ពានវែងៗទាំងអស់លើពិភពលោក។ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានសម្ពោធស្ពានខ្សែកាប្លិ៍ធំបំផុតឆ្លងកាត់ដែនសមុទ្រ Dardanelles ក្នុងប្រទេសតួកគីនាថ្ងៃទី១៨ខែមីនា។ នេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតរបស់ប្រធានាធិបតី តួកគី ក្នុងរយៈពេល២០ឆ្នាំកាន់អំណាច។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗគឺជាអាទិភាពរបស់ប្រធានាធិបតី Erdogan ចាប់តាំងពីគណបក្សរបស់លោកជាប់ឆ្នោតដឹកនាំប្រទេសនៅឆ្នាំ២០០២ ក្នុងនោះមានទាំង អាកាសយានដ្ឋានថ្មីនៅទីក្រុង Istanbul ។ ក្រោយដំណើរការស្ពាននេះនឹងយកប្រាក់ដល់រថយន្តធ្វើដំណើរឆ្លងកាត់ ដោយរថយន្ត នីមួយៗត្រូវបង់ប្រាក់២០០ lira (ប្រមាណ១៣,៥ដុល្លារអាមេរិក)។ ស្ពាន Dardanelles ត្រូវបានកសាងឡើងនៅខែមីនាឆ្នាំ២០១៧ ដោយមានកម្មករដល់ទៅ៥ពាន់នាក់ធ្វើការនៅទីនោះ។ ប្រវែងពីបង្គោលស្ពានម្ខាងទៅកាន់បង្គោលម្ខាងទៀត មានដល់ទៅ២.០២៣ម៉ែត្រ គឺវែងជាងគេបំផុតលើពិភពលោក។ បង្គោលស្ពានមានកម្ពស់ដល់ទៅ៣១៨ម៉ែត្រ ហើយប្រវែងសរុបមានដល់ទៅ ៤,៦គីឡូម៉ែត្រ ៕ ដោយធីរីណា
រូបថត៖AA