លោក អៀង អុល ស្នងការរងខេត្តកំពង់ស្ពឺ ពុករលួយក៏រលួយ ឈានដល់រត់ការអោយប្រពន្ធបន្ទាប់ ឡើងជាអធិការរងថែមទៀត !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កំពុងល្បីល្បាញ រឿងពុករលួយរត់ការប្រឡងក្របខណ្ឌនគរបាលជាតិ នៅខេត្តកំពង់ស្ពឺ មិនបានសម្រេចផងនោះ ទីបំផុត ! លោក អៀង អុល ស្នងការរង នៃស្នង ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ហើយពេល នេះលេចធ្លាយរឿងមានស្រីស្នេហ៍ជាប្រពន្ធបន្ទាប់ រហូត មានកូន ហើយថែមទាំងរត់ការឲ្យស្ត្រីជាប្រពន្ធក្រោយនោះ ចូលក្របខណ្ឌនគរបាលជាតិ និងឡើងតំណែងជា អធិការរងក្រុងច្បារមន យ៉ាងឆាប់រហ័សទៀតផង។ ចំពោះបញ្ហានេះអាចចាត់ទុកថា, ជាកំហុសទេក្នុងនាមជានាយនគរបាលជាតិ ប្រព្រឹត្តបែបនេះ។
សូមជម្រាបថា, តាមការលេចឮតៗគ្នា ជាមួយការរិះគន់ផងបានបង្ហើបថា, ស្ត្រីដែលគេសង្ស័យថា ជាស្រីស្នេហ៍ ឬប្រពន្ធក្រោយលោក ស្នងការរងនោះ ត្រូវបានប្រភពបង្ហើបថា មានឈ្មោះ ជឿន សុគន្ធា មុនពេលចូលនគរបាល ហើយក្លាយខ្លួន ជាអធិការរងនេះ គឺមានប្ដីជាអ្នកប្រកបមុខរបរបើក រថយន្តដឹកទំនិញ ពីព្រំដែនមករាជធានីភ្នំពេញ។ ប៉ុន្តែអ្នកទាំង២ ក្រោយពីមានភាពរកាំរកូសគ្នាក្នុងគ្រួសារ បានមកធ្វើ ជាមេការនៅកន្លែងលាងរថយន្តបងប្អូនខាងប្តី នៅក្នុង សង្កាត់រការធំ ក្រុងច្បារមន ជាប់របងផ្លូវចូល មហាវិទ្យាល័យអង្គរខេមរា កំពង់ស្ពឺ ផ្លូវជាតិលេខ៤ អំឡុងឆ្នាំ២០១៦-២០១៧ បានជួបប្រសព្វជាមួយ ឈ្មោះ អៀង អុល អះអាងថា ជាស្នងការខេត្តកំពង់ស្ពឺ រួចមានការទំនាក់ទំនងស្នេហាលួចលាក់ ហើយបាន ទៅរស់នៅម្តងម្កាលនៅផ្ទះឈ្មោះ ជឿន សុគន្ធា នៅ ក្បែរទីតាំងនោះ ដោយមិនចេញមុខ របៀបលាក់លៀម តែប៉ុណ្ណោះ ។ ទោះត្រូវប្រឈមខ្យល់ ព្យុះ ឆក់កណ្តៀត យ៉ាងណាក៏ដោយ អ្នកទាំង២ បានដុតបញ្ឆេះរឿងស្នេហានេះដល់ ទទួលបានចំណងនិស្ស័យកូនប្រុសមួយក្នុងបន្ទុក ដែល បច្ចុប្បន្នមានអាយុ៥ឆ្នាំជាង ដែលជាការទំនុកបម្រុងពី លោកអៀង អុល យ៉ាងកក់ក្ដៅ។ ចំណែកភរិយាដើម របស់លោក អៀង អុល បានដឹងដំណឹង និងបានមក រករឿង តែលោក អៀង អុល អង្វរកុំអោយរករឿង ព្រោះគាត់បានជ្រុលជាមានទំនាក់ទំនងរហូតកើតជា កូនពូនជាចៅ និងបានសន្យាថា នឹងមិនទាក់ទង ជាមួយឈ្មោះ ជឿន សុគន្ធា បន្តទៀតទេ ដោយសន្យា ជួយផ្តល់ឱកាសអោយឈ្មោះ ជឿន សុគន្ធា ជាស្ត្រី មេម៉ាយ លែងប្តីមានកូន៤នាក់ មានមុខរបរ ចូលជា ក្របខណ្ឌនគរបាលជាតិតាមរយៈការកែឯកសារផ្លូវការ មួយចំនួន ដោយជាជំនាញលោកផ្ទាល់ដែលធ្លាប់រត់ ការលើកិច្ចការនេះជាយូរឆ្នាំមកហើយ (ឯកសារបន្លំ ថ្នាក់ដឹកនាំចូលក្របខណ្ឌ)។ តាមពិតលោក អៀង អុល មានកំហុសរួចទៅហើយពី បទ ឯកពន្ធភាព លួចមានស្រីថ្មី ហើយចេញមុខបែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយ និងប្រភពបង្ហើបទៀតថា លោក អៀង អុល មិនបានគោរព ការសន្យានោះទេ នៅតែបន្តលួចលាក់ជួបឈ្មោះ ជឿន សុគន្ធា ជារៀងរាល់ថ្ងៃ និងបានជួយរត់ការតម្លើង តួនាទីពីមន្រ្តីមកជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ដែលធ្វើឱ្យមន្រ្តីនគរបាលដទៃទៀត ដែល ស្គាល់សាវតានារី ជឿន សុគន្ធា សើចចំអកថា ហេតុត គេមានសង្សារជាស្នងការរងផែនធនធានមនុស្ស ចង់ យកអ្នកណាចូលនគរបាល ចង់តម្លើងតួនាទី ឋានៈ បុណ្យស័ក្តិ ស្រេចតែចិត្ត ដោយមិនគិតអំពីព័ត៌មាន ជាក់លាក់មុនពេលចូលបម្រើការងារនោះទេ។ ដូចជា នគរបាលទើបចូលក្របខណ្ឌមិនដល់៥ឆ្នាំផង ឡើងជា អធិការរង អាយុហួសមិនត្រូវបានចូលក្របខណ្ឌផង មានកូន៣នាក់ នៅតែចូលបាន ។ នេះបង្ហាញពីអំពើពុករលួយ បំពេញការងារ តួនាទីភារកិច្ច ខុសពីក្របខ័ណ្ឌនគរបាលជាតិ មិនត្រឹមតែថ្នាក់លើទេ សូម្បីតែលោកស្នងការក៏មានសិទ្ធធ្វើលិខិតបញ្ជាក់ជូនទៅថ្នាក់លើ ដើម្បីអោយមានចំណាត់ការដែរ ជៀសវាងប៉ះពាល់កិត្តិយសដល់មន្ត្រីនគរបាលជាតិ ជាងពិសេសបង្កើតអោយមានសតិអារម្មណ៍ក្នុងអង្គភាព។

សូមរម្លឹកថា, កន្លងមក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ តាំងពីសម័យលោកស្នងការ កែវ ពិសី លោកអៀង អុល ក៏ជាមនុស្សម្នាក់មានឥទ្ធិពលខ្លាំងណាស់ ជាមួយ ថ្នាក់ដឹកនាំ ទាំងការតម្លើងតួនាទី ទាំងការរត់ការ បញ្ចូលក្របខណ្ឌនគរបាល។ ល។ ពិសេសការទទួល លាភសក្ការៈពីមន្ត្រីតូចតាចជួយផ្ដល់តំណែង និងក្រប ខណ្ឌ តែជាក់ស្ដែងមន្ត្រីទាំងនោះ អ្នកខ្លះរងគ្រោះរហូត ដល់ខ្លួនចូលនិវត្តន៍ ហើយកូននៅតែមិនទាន់បានចូល ក្របខណ្ឌនគរបាលជាតិផងដែរ។ បញ្ហានេះសួរថា, គាត់សមជាស្នងការរង ទទួលផែនធនធានមនុស្សទេ ?
ជាមួយអ្នកសារព័ត៌មាន ករណីនេះ លោក អៀង អុល មានប្រសាសន៍ទទួល ស្គាល់ថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយ ឈ្មោះ ជឿន សុគន្ធា ពិតមែន គឺមកដល់ពេលនេះ ច្រើនឆ្នាំមកហើយ និងមានកូនប្រុសម្នាក់ផងដែរ។ លោកបន្តថា រឿងនេះ ភរិយាដើមរបស់លោកក៏ដឹង រឿងដែរ តែធ្វើមិចបើមានកូនទៅហើយនោះ។ ការឆ្លើយប្រាប់កាសែតក្នុងស្រុកបែបនេះ ជាងភាសាត្រង់ៗរបស់គាត់ ប៉ុន្តែឋានះគាត់ដល់ស្នងការរង ហើយ មានគិតដល់ទិដ្ឋភាពច្បាប់ទេ ! សូម្បីតែសង្គមក៏ស្អប់ខ្ពើមដែរ បិតាគ្មានទទួលខុសត្រូវលើគ្រួសារមួយនឹងមួយ។
ដោយឡែកមន្រ្តីនគរបាលថ្នាក់ក្រោមជាច្រើននៅពេល ដែលដឹងរឿងនេះ បានលាន់មាត់គ្រប់គ្នាថា ហេតុតែ គាត់កាន់ផែនធនធានមនុស្ស ពិតជាចេះបង្កើតមនុស្ស មែន រឿងនេះគឺជារឿងឯកព័ន្ធភាព ចាំមើលថ្នាក់លើ ចាត់ការបែបណាវិញ? រឿងយកលុយរត់ការអោយ ចូលនគរបាលមិនបានសម្រេច ទើបតែសងទៅគេវិញ។

ជុំវិញបញ្ហានេះ គួរណាស់តែលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ស្ពឺ អាចធ្វើការពិចារណា ស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញនូវកំហុសដែលមន្ត្រីក្រោមឱវាទកំពុងតែរិះគន់ ។ ពីព្រោះទង្វើនេះ បានបន្សល់ទុកនូវ ភាពមិនថ្លៃថ្នូរ អនុវត្តផ្ទុយពីតួនាទី ភារកិច្ច ក្នុងនាមជានាយនគរបាលជាតិ ។ ពិសេសអំពើពុករលួយ ចេញមុខរត់ការចូលក្របខ័ណ្ឌនេះជាដើម ជាបទល្មើសដែលមានរួចទៅហើយ។ ប៉ុន្តែរាល់សកម្មភាពរបស់លោកស្នងការរងលោកនេះ ក្លាយទៅជារឿងធម្មតា ដែលមិនបានគិតអំពីសតិអារម្មណ៍របស់មន្ត្រីថ្នាក់ក្រោមនោះឡើយ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print