ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូលេីដងផ្លូវត្រូវរថយន្តធុនធំបើកល្បឿនលឿន ជ្រុលបុកពីក្រោយកិនអូសជាង២០ម៉ែត្រ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជៀវ ចាន់មេសា អាយុ១៩ឆ្នាំ មុខរបរ និស្សិតឆ្នាំទី១ រៀននៅសាលាកូរ៉េ មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាBeat ពណ៌ស ពាក់ស្លាកលេខ កំពត 1R-0834 ធ្វេីដំណេីក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក ធុនធំ ម៉ាក ហុីណូ ពណ៌ស លាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-0135 បើកល្បឿនលឿន មកពីក្រោយជ្រុលបុក កិនអូសជាង២០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ ម៉ូតូរងខូចខាតស្ទើរតែទាំងស្រុង ភ្លាមៗអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននាំយកទៅប៉ុស្តិ៍ ។
ជនរងគ្រោះក្នុងសភាពរបួសធ្ងន់ធ្ងរ ក្រោយកើតហេតុ ត្រូវបានរថយន្តគ្លីនិកឯកជនស័ង្កម៉ារី ដឹកយកទៅ អស់រយៈពេល៣០នាទីក្រោយ ត្រូវបានមិត្តភ័ក្ររួមថ្នាក់ជាមួយជនរងគ្រោះ បានអះអាងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ នៅក្នុងគ្លីនិកស័ង្កម៉ារី ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់រថយន្ត ម៉ូតូ រួមទាំងអ្នកបើកបរផង ឲ្យទៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ