ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដាប៊ីតក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងដែលបើកបរបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យរងរបួសបែកមុខបែកមាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២២ ខែមីនាឆ្នាំ២០២២ នៅចំណុចមុខការាសសាំងតេលា តាមបណ្ដោយផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1HB-8474ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-5797 ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ហូរឈាមស្រោចពេញមុខ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុនិងមានសាច់ញាតិខាងភាគីម៉ូតូក៏បានមកដល់ដែរ ដោយបានធ្វើការសម្រុះសម្រួលគ្នាជាមួយនឹងភាគីម្ចាស់រថយន្ត។ បន្ទាប់មកខាងភាគីរថយន្តបានឱ្យខាងភាគីម៉ូតូយករថយន្តទៅជួសជុលឱ្យស្អាតឡើងវិញ ចំណែកភាគីខាងម៉ូតូក៏បានព្រមព្រៀងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ សុខាសែនជ័យ