លោក​ ដួង​ តារា​៖​ វិវាទរាំរ៉ៃជាង១៥ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ក្រោមដំណោះស្រាយឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ដួង​ តារា​ ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី​ កាលពីយប់ថ្ងៃ​ទី​២២ ខែមីនា​ ឆ្នាំ​២០២២ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ វិវាទរាំរ៉ៃជាង១៥ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ក្រោមដំណោះស្រាយឈ្នះឈ្នះ​។

លោក​ ដួង​ តារា​ បានថ្លែងបញ្ជាក់ថា៖​ កាលពីថ្ងៃទី១៨ មីនា ខ្ញុំបានចុះជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរាំរ៉ៃដែលមានរយៈពេលជាង១៥ឆ្នាំមកនេះក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្បទានចែករំលែក។ ដីទំនាស់ដែលភាគីទាំងពីរមានវិវាទនឹងគ្នាគឺស្ថិតនៅ​ ភូមិបូស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជាច្រើនឆ្នាំកន្លងមក ភាគីទាំងពីរធ្លាប់បានប្តឹងផ្តល់គ្នាទៅស្ថាប័នជាច្រើនរហូតមាន សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។ ក្នុងឆ្នាំ ២០០៨ ភាគី លោក វង្ស ណាវុធ និងប្រពន្ធឈ្មោះ ឡុង គឹមហៀង ព្រមទាំង លោកស្រី ឈិត សំអាត បានទិញដីចំនួន២៥ហិកតា ដែលមានទីតាំងខាងលើ។ ចំណែកភាគីលោកស្រី​ អ៊ូ សុធា ក៏បានបញ្ជាក់ថាគាត់បានទិញដី៥០ហិកតានៅចំទីតាំងតែមួយហើយមានអាជ្ញាធរទទួលដឹងឮដូចគ្នា។ ភាគីទាំងពីរបានព្យាយាមអស់រយៈពេលជាង១៥ឆ្នាំដើម្បីដោះស្រាយទាំងតាមអាជ្ញាធរមានសមត្ថកិច្ច​ និងតាមផ្លូវតុលាការប៉ុន្តែនៅតែមិនអាចដោះស្រាយបាន។

លោក​ ដួង​ តារា​ បានថ្លែងបន្តថា​ ក្រោយពីបានទទួលសំណូមពរពលរដ្ឋគោរពស្នើសុំអន្តរាគមន៍មកកាន់សម្តេចតេជោ ខ្ញុំបានចុះទៅដល់ទីតាំងវិវាទជាមួយក្រុមការងារទាំងជំនាញភូមិសាស្រ្ត​ និងច្បាប់ ក្នុងនោះក៏មានការចូលរួមបំភ្លឺពីលោកមេឃុំចាស់​ និងមេឃុំថ្មីនៃឃុំត្រពាំងក្រញ៉ូងផងដែរ។ ក្រោយពីបានពិនិត្យឯកសារកាន់កាប់នៃទាំងពីរភាគី និងផ្អែកលើទិដ្ឋភាពផ្លូវច្បាប់ជាមួយនឹងការពិគ្រោះយោបល់ពីក្រុមការងារជំនាញ ខ្ញុំបានស្នើសុំភាគីទាំងពីរចាប់ដៃគ្នាដោះស្រាយ​ក្រៅប្រព័ន្ធតុលាការផ្អែកលើគោលការណ៍ឈ្នះឈ្នះដោយធ្វើសម្បទានអោយគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋដែលមានឈាមជ័រតែមួយ។ ភាគីទាំងពីរបានយល់ព្រមតាមការសម្របសម្រួលខ្ញុំរហូតបានឈានដល់បញ្ចប់វិវាទទាំងស្រុងដោយភាគី លោក វង្ស ណាវុធ បានយល់ព្រមទទួលយកដីចំនួន៧ហិកតា (មានដំណាំពេញដី) ពីភាគី អ៊ូ សុធា ដែលកំពុងកាន់កាប់ដាំដុះផ្ទាល់លើផ្ទៃដីសព្វថ្ងៃ។

លោករដ្ឋលេខាធិការរូបនេះ​ បានបន្ថែមថា​ នៅចំពោះមុខ​ ខ្ញុំជាសន្ធាការី នឹងអាជ្ញាធរភូមិឃុំ នឹងក្រុមការងារជំនាញ ភាគីទាំងពីរបានព្រមព្រៀងចុះកិច្ចសន្យាសះជា​ និងបញ្ចប់វិវាទដោយសេចក្តីរីករាយ ហើយបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែយកចិត្តដាក់ដោះស្រាយបញ្ហាជូនពលរដ្ឋដោយគ្មានការរើសអើងឡើយ។ ខ្ញុំសូមអគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជំនឿទុកចិត្តលើរួបខ្ញុំក្នុងការជួយដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ។ ខ្ញុំក៏សូមអគុណដល់អាជ្ញាធរមូលដ្ឋានរួមទាំងក្រុមការងារដែលបានចូលរួមដោះស្រាយបញ្ហាវិវាទរាំរ៉ៃដែលមានរយៈពេលជាង១៥ឆ្នាំ បានបញ្ចប់ដោយស្នាមញញឹម​ និងក្តីសប្បាយរីករាយ។ ខ្ញុំបាទសូមគោរពអរគុណដល់សម្តេចតេជោ ដែលផ្តល់ឱកាសអោយខ្ញុំបានចូលរួមដោះស្រាយបញ្ហាវិវាទជូនប្រជាពលរដ្ឋ។

ជាចុងក្រោយ​ លោក​ ដួង​ តារា​ បានសង្កត់ធ្ងន់ថា​ ពិតណាស់ ការធ្វើសម្បទានចែករំលែកគ្នារស់ គឺប្រសើរជាងដណ្តើមគ្នារស់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print