ខេត្តសៀមរាប៖ សូមរម្លឹកនិងជម្រាបជូនផងដែរថា, រឿងឪពុកចុងប្រើហិង្សាលើក្មេងស្រីអាយុ១៣ខែ បង្កឡើងដោយឪពុកចុងនោះ មិនត្រឹមតែមានការខ្លោចចិត្ត អាណិតអាសូរពីម្តាយ បងប្អូន សាច់ញាតិ ក្រុមគ្រួសារប៉ុណ្ណោះទេ សូម្បីតែតាមបណ្តាញ ទំនាក់ទំនងសង្គម facebook ក៏បានបង្ហោះរឿងនេះ សូមអោយសមត្ថកិច្ច មានវិធានការ តាមនីតិវិធី ដើម្បីនាំខ្លួនជនបង្ក យកមកធ្វើការសាកសួរ បញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់។
តាមសេចក្តីរាយការណ៍ពីខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ទទួលដំណឹងថា, ក្មេងស្រីដែលរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារប៉ូលិសខេត្តសៀមរាបម្នាក់នោះ ខណៈពេលនេះ ក្មេងរងគ្រោះកំពុងស្ថិតនៅក្នុងការតាមដានសុខភាពពីក្រុមគ្រួពេទ្យនៅឡើយ។
ដោយឡែកតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកស្រី យូ សុភា អភិបាល នៃគណៈអភិបាលរងខេត្តសៀមរាប បានលើកឡើងថា «ចៅស្រីគួរឲ្យអាណិត អាយុទើបតែ១៣ ខែ ត្រូវរងគ្រោះដោយអំពើហិង្សា ពេលនេះកំពង់ស្ថិតក្នុងការ បន្តតាមដាន របស់ក្រុមគ្រូពេទ្យជ័យវរន្ម័ទី៧(គន្ធបុប្ផា)ខេត្តសៀមរាប»។
សូមបញ្ជាក់ថា, ការលើកឡើងរបស់លោកស្រី យូ សុភា ធ្វើឡើងបន្ទាប់ពីបានទទួលការណែនាំពីលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឲ្យសមត្ថកិច្វធ្វើកិច្ចការនេះជាបន្ទាន់ដើម្បីផ្តល់យុត្តិធម៌ ដល់កុមារីនោះ ។ ជាមួយគ្នានេះដែរ លោកប្រាក់ សោ ភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងជាអភិបាលរងខេត្តសៀមរាប ក៏បានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុក ដោយមានរូបក្មេងរងគ្រោះ ជាមួយនឹងសំណេរថា « លើកដៃទៅរួច »។
ជនសង្ស័យជានគរបាលរូបនេះ មានឋានៈនិងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស អត្តលេខ : 71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ។ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើទោះបីជាមានការជជែកគ្នា និងមានបទបញ្ជាពីអភិបាលខេត្តសៀមរាប ទៀ សីហា ឲ្យមន្ត្រីសមត្ថកិច្ចជំនាញចុះស៊ើបអង្កេត លើ ឈ្មោះលក្ខិណា វីរៈរិទ្ធ រូបនេះ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ជនសង្ស័យ រូបនេះ នៅមិនទាន់ត្រូវបានសមត្ថកិច្ច ហៅមកបំភ្លឺនៅឡើយ ខណៈជនសង្ស័យរូបនេះកំពុងតែជាប់រៀនវគ្គបំប៉នជំនាញ នៅខេត្តកំពង់ស្ពឺ ឯណោះ។
សមត្ថកិច្ចបានអោយដឹងថា, ចំពោះករណីខាងលើនេះស្នងការនគរបាលខេត្តសៀមរាប បានមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងបន្តនីតិវិធី។ ជាមួយនេះគ្នានេះ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះ ម្ដាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងចូលមកការិយាល័យជំនាញរួចហើយ និងកំពុងដំណើរការនីតិវិធី។
សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្ដាញសង្គម facebook មានការបង្ហោះនិងចែករំលែកតៗគ្នា ដោយលើកឡើងថាបុរសដែលពាក់ឯកសណ្ឋានជានគរបាលនេះអាចជាប់ពាក់ព័ន្ធ បានប្រើអំពើហិង្សាទៅលើក្មេងបណ្ដាលឱ្យរងរបួស ដោយករណីនេះទទួលនូវការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅរបស់មហាជន។
សូមបញ្ជាក់ថា, តាមបញ្ជាពីលោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៅវេលាម៉ោង ០៧:៣៩ នាទី ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើកំណត់ហេតុអំពីរឿងហេតុ ៖ ករណី “ហិង្សាក្នុងគ្រួសារ “ (ឪពុកចុងវាយកូនដើម) ឈ្មោះ តាន់ សុខហ្គេច ត្រូវ ជាម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ ម៉ឹង សុខកណ្ណិកា ។ ជនបង្កហិង្សាលើកុមារត្រូវជាឪពុកចុង ឈ្មោះ លក្ខិណា វីរ:រិទ្ធ ជានគរបាលស្នងការដ្ឋានខេត្តសៀមរាប បានប្រើហិង្សាខាំកូន ដើមឲ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិ គ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលបញ្ញាពី លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឲ្យសមត្ថកិច្ច ១១៧ ធ្វើអន្តរាគមន៍។
ក្រោយមកនៅវេលាម៉ោង ០៧:៤៥ នាទី សមត្ថកិច្ច១១៧ លោកវរសេនីយ៍តី ទៀង សុវណ្ណារិទ្ធ បានបញ្ជូនព័ត៌មានទៅលោកស្រី ដួង ថាវរី ស្នងការរងទទួល ផែនជួញដូរ និងការពារអនិតិជន ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។
ចំពោះលទ្ធផល នៅម៉ោង ០៨:០៥ នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញដឹកនាំ ដោយលោកស្រី ដួង ថាវរី បានទទួលពាក្យបណ្តឹង និងធ្វើរបាយការណ៍ជូនទៅ អយ្យការអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា បានចេញដីការបញ្ជាអោយចូលខ្លួន លេខ ១៨៥ អយក/២២ ចុះថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២២ អោយឈ្មោះ លក្ខិណា វីរ:រិទ្ធ ដើម្បីចូលខ្លួនធ្វើការសាកសួរតាមនីតិវិធី ។ ករណីនេះបញ្ចប់នៅម៉ោង ១២:៣៩ នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មានជំនឿថា, ទាំងមន្ត្រីនគរបាលយុត្តិធម៌ និងតំណាងអយ្យការ ចាត់វិធានការ ក្នុងរឿងនេះដោយយកចិត្តទុកដាក់បំផុត ៕