ភ្នំពេញ៖ កន្លងទៅគេធ្លាប់លេចឮដំណឹងថា តារាចម្រៀងព្រាប សុវត្ថិ ត្រៀមទទួលងារជាឧកញ៉ា ក្រោយពីមុខជំនួញធំៗរបស់លោកកាន់តែកាក់កបទទួលបានជោគជ័យនោះ ។ ដំណឹងមួយនេះហាក់ស្ងាត់មួយរយៈស្រាប់តែលេចចេញនូវកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្តឡើងងារជាឧកញ៉ាមុនបាត់ទៅហើយ ហើយពលេនេះលោកឧកញ៉ាក៏កំពុងតែចេញមុខលើការលក់ដីធ្លីយ៉ាងគគ្រឹកគគ្រេងផងដែរ។
តារាចម្រៀងលំដាប់ជួរមុខលោកព្រាប សុវត្ថិ ធ្លាប់បានគេទម្លាយថាមានទ្រព្យធន ពិសេសដីធ្លី និងមុខជំនួញធំដុំដែលស័ក្កិសមនឹងទទួលងារជាឧកញ៉ា ។ កាលពីខែកញ្ញាឆ្នាំ២០២០ តារាចម្រៀងវ័យ៤៧ឆ្នាំរូបនេះត្រូវបានមនុស្សជំនិតរបស់លោកប្រាប់អ្នកកាសែតថា លោកព្រាប សុវត្ថិ មានទ្រព្យសរុបខ្ទង់៣០លានដុល្លារ។ ទឹកលុយនេះធ្វើឱ្យមហាជននិងតារារួមអាជីពជាច្រើនភ្ញាក់ផ្អើល ក្នុងនោះមានទាំងតារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ក៏ធ្លាប់សម្ដែងការកោតសរសើរដល់ភាពជោគជ័យរបស់អតីតតារាហង្សមាសរូបនេះដែរ។ ប៉ុន្ដែរហូតមកដល់ពេលនេះព្រាប សុវត្ថិ នៅតែមិនទាន់ក្លាយទៅជាឧកញ៉ានៅឡើយ ខណៈដែលសិស្សប្អូននិងធ្លាប់ត្រូវបានគេលើកឡើងថាជាគូប្រជែងដ៏ស្វិតស្វាញជាមួយគ្នាជិត១០ឆ្នាំនោះគឺតារាចម្រៀងខេមរៈ សិរីមន្ដ បានឡើងជាឧកញ៉ា តាំងពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះធ្វើឱ្យទាំងក្នុងនិងក្រៅសិល្បៈមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើល ខណៈដែលមានដំណឹងថាអ្នកឡើងធ្វើជាឧកញ៉ានាពេលបន្ទាប់អាចមានសិល្បករ២ដួងទៀតនោះគឺលោកព្រាប សុវត្ថិ និងលោកចែម ចាន់តារា ហៅនាយពែកមី ។ តែព្រាប សុវត្ថិ បែជាមិនប្រញាប់ ឬអន្ទះសាក្នុងការយកគោរម្យងារនេះនៅឡើយ ចំពេលដែលនាយពាក់មី ប្រកាសថាលោកមិនចង់ធ្វើជាអ្នកធំនោះទេ ព្រោះពិបាកដើរស៊ីផឹកអីទៅវិញ។ ប៉ុន្ដែថ្មីៗនេះលោកព្រាប សុវត្ថិ បានបានពង្រីកមុខជំនួញថ្មីជាបន្ដបន្ទាប់ដូចជាបើកហាងថ្មីឱ្យភរិយា និងកំពុងសាងសង់Resort នៅខេត្តមណ្ឌលគិរីដែលចំណាយទុនរាប់សិបម៉ឺនដុល្លារ ខណៈដែលការកស៊ីផ្នែកអចលនទ្រព្យរបស់លោកក៏កំពុងតែសកម្មផងដែរ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្រោយពីទទួលងារជាឧកញ៉ា លោក ខេមរៈ សិរីមន្តកំពុងតែសំរុកលើការជួញដូរដីធ្លីយ៉ាងសកម្មនៅខេត្តសៀមរាប ខណៈដែលបទចម្រៀងថ្មីរបស់លោកក៏មិនសំរុកខ្លាំងដូចមុនដែរ៕