ក្រសួងទេសចរណ៍: កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅ

ចែករំលែក៖

ភ្នំពេញ : ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងលេខ១២២ សជណ.អអទ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពី «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ»

នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមជម្រាបជូន សមាគមទេសចរណ៍ វិស័យឯកជន អ្នកដំណើរជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា “កម្ពុជា ជាគោលដៅទេសចរណ៍ សុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ និងបានបើកទទួលទេសចរចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកការធ្វើដំណើរតាមច្រកអន្តរជាតិទាំងអស់ឡើងវិញ និងផ្ដល់ ទិដ្ឋាការនៅពេលមកដល់ (Visa On Arival) ការលុបចោលលក្ខខណ្ឌតម្រូវបង្ហាញលទ្ឋផល PCR តេស្តអវិជ្ជមាន រយៈពេល ៧២ ម៉ោងមុនពេលមកដល់ និងការលុបចោលលក្ខខណ្ឌតម្រូវឱ្យធ្វើតេស្តរហ័សពេលមកដល់សម្រាប់ អ្នកដំណើរជាតិ និងអន្តរជាតិទាំងអស់ដែលចូលមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ការកាត់បន្ថយនូវរនាំងនេះ និងការគ្រប់គ្រងបានយ៉ាងល្អ បានធ្វើឱ្យមានកំណើនចំនួនទេសចរផ្ទៃក្នុង ព្រមទាំង ចំនួនទេសចរអន្តរជាតិក៏មានការកើនឡើងក្នុងរយៈពេល ២ខែដើមឆ្នាំ២០២២ ហើយជើងហោះហើរត្រង់មក កម្ពុជា ក៏មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី បានដាក់ចេញនូវយុទ្ឋនាការស្រោចវ៉ាក់សាំងទូទាំងប្រទេសប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយគិតត្រឹម ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្រេចបានអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ៩២,៤៦%នៃចំនួន ប្រជាជនសរុបជាង ១៦ លាននាក់។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍សហការជាមួយក្រសួងសុខាភិបាលបាន ដាក់ចេញ “វិធានសុវត្ថិភាព ទេសចរណ៍” រួមជាមួយការអនុវត្តយ៉ាងម៉ឹងម៉ាត់នូវ «វិធានសុខាភិបាល – ៣កុំ ៣ការពារ” និង “នីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា – Standard of Operating Procedures (SOPs)” នៅមូលដ្ឋានអាជីវកម្ម និងគ្រប់ប្រភេទសេវាកម្ម ទេសចរណ៍ទាំងអស់។

ក្រសួងទេសចរណ៍ សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មកទស្សនា “កម្ពុជា ជាគោលដៅ ទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ និងសូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ “វិធានសុខាភិបាល ៣កុំ ៣ការពារ” និងសូមអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ រួមទាំងរៀបចំកញ្ចប់ ទស្សនកិច្ចថ្មីៗ បង្កើនការទំនាក់ទំនងជាមួយដៃគូទាំងក្នុង និងក្រៅប្រទេស សំដៅទាក់ទាញទេសចរអន្តរជាតិឱ្យមក ទស្សនាកម្ពុជាកាន់តែច្រើនឡើងវិញ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print