ភ្នំពេញ ៖ យោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ មុនសម្រេចចិត្តទៅធ្វើការងារនៅប្រទេសថៃ ឬប្រទេសផ្សេងៗទៀត ត្រូវសួរព័ត៌មានអាជ្ញាធរក្នុងមូលដ្ឋានជាមុនសិន ដើម្បីជៀសវាងការចាញ់បោកមេខ្យល់ ព្រោះថា កន្លងទៅ មានករណីប្រជាពលរដ្ឋខ្មែរចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេស។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាវិទ្យាល័យ តាគ្រាម ១ខ្នង កម្ពស់២ជាន់ ១២បន្ទប់, អគារអនុវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ១ខ្នង ៥បន្ទប់ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សា បុស្សសម្ព័រ ១ខ្នង ៦បន្ទប់, ប្រឡាយប្រវែង ៣៦,៤០០ម៉ែត្រ, ស្ពានបេតុង៨កន្លែង សំណង់សិល្បៈការ ១កន្លែង និងសំណង់ស្ទាក់ទឹក ១កន្លែង ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម បានសង្កេតឃើញថា នាពេលកន្លងទៅ ករណីជួញដូរមនុស្ស មានការលួងលោមនាំទៅក្រៅប្រទេស។ សម្ដេច ក៏បានរំលឹកថា កន្លងទៅ មានស្ដ្រីខ្មែរម្នាក់ បានចាញ់បោកគេដោយរៀបគូស្រករនៅប្រទេសកូរ៉េ ក្រោយមក សមត្ថកិច្ចកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃកូរ៉េ បានអន្ដរាគមន៍ស្ដ្រីខ្មែរម្នាក់នោះ មកកម្ពុជាវិញ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «សូមកុំជឿគេផ្តេសផ្ដាសកាលណាគេមកសួរយើងថា ធ្វើការនេះ ធ្វើការនោះ ហើយធ្វើការនៅថៃស្រួលណាស់មានប្រាក់ចំណេញ យើងត្រូវសួរព័ត៌មានឱ្យច្បាស់សិន បើយើងមិនដឹងទេ អាជ្ញាធរយើងនៅហ្នឹងកន្លែង ត្រូវសួរនាំសិន»។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀតថា នាពេលកន្លងទៅ ក៏មានប្រជាពលរដ្ឋខ្មែរចាញ់បោកមេខ្យល់យ៉ាងច្រើន ដោយមេខ្យល់ទាំងនោះ ធ្វើការលួងលោមឱ្យទៅធ្វើការងារនៅក្រៅប្រទេស ដូច្នេះ ប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហាទាំងនេះ៕
ដោយ៖ សិលា