ក្រសួងសាធារណការ លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន លក់បានចំនួន ២០១,៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់អោយដឹងថា, លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២០១,៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិតចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក ។

សូមបញ្ជាក់ថា, នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួង លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស ដោយមានការចូលរួមពីសមាជិកគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរ។

អង្គប្រជុំបានជជែកពិភាក្សាអំពីរបាយការណ៍សកម្មភាពការងារលក់លេខចុះបញ្ជីរថយន្ត ការជ្រើសរើស ក្រុមហ៊ុនគោលដៅចំនួន១៤ក្រុមហ៊ុន ដើម្បីជំរុញការលក់លេខពិសេសផ្ទាល់ខ្លួនក្នុងតម្លៃឯកភាព ព្រម ព្រៀងណាមួយ ការពិនិត្យលើបញ្ជីឈ្មោះម៉ាកកម្មសិទ្ធិបញ្ញាដែលទទួលបានពីក្រសួងពាណិជ្ជកម្ម មាន ជាង៦ម៉ឺន ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ និងការសហការរវាងអនុគណៈកម្មការបច្ចេកទេសរៀបចំ បញ្ចូលទៅក្នុងប្រព័ន្ធ គោលការណ៍ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខទាំងឡាយ ណាដែលមានតួរលេខ១៦៨ ការកែសម្រួលអត្រារូបមន្តដែលទើបបង្កើតថ្មីចំនួនជាង៦០០រូបមន្ត និងបញ្ជី ឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មផងដែរ។

ថ្លែងក្នុងមតិស្វាគមន៍ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងាររបស់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីក្នុងស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ក៏ដោយ ក៏អនុគណៈកម្មការទាំងពីរនៅតែបានដំណើរការ និងអនុវត្តការងាររបស់ខ្លួនមាន ភាពល្អប្រសើរ និងទៀងទាត់ និងបានដោះស្រាយទាន់បញ្ហាទាន់ពេលវេលាផងដែរ។

ទន្ទឹមជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ បានរំលឹកអំពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ ឱ្យរៀបចំរូបមន្តសម្រាប់ការគណនាថ្លៃបន្ថែមទៀតសម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយឃើញថាផ្លាកលេខប្រភេទនេះកាន់តែមានប្រជាប្រិយភាព ពេញនិយមខ្លាំងឡើងៗ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋឱ្យមានការយល់ដឹងកាន់តែប្រសើរឡើងអំពីលេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកស្រីបានបញ្ជាក់បន្ថែមថា៖ គណៈកម្មការនឹងពិនិត្យលទ្ធភាពជួបប្រជុំជាមួយនឹងក្រុមហ៊ុននានា ដូចជា៖ ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យក្រុមហ៊ុនទាំងនោះបានដឹងអំពីជម្រើស និងគោលការណ៍រួមដែលត្រូវផ្តល់ជូនទាក់ទងនឹងការទិញលេខចុះ បញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។

សូមជម្រាបជូនថា៖ គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដាក់របាយ ការណ៍ស្តីពីវឌ្ឍនភាពនៃការប្រមូលចំណូលពីការលក់លេខចុះបញ្ជីរថយន្តប្រចាំឆ្នាំ២០២១ ដែលរួមមាន៖ លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានទទួលគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ក្នុងការជំរុញការអនុវត្តការងារនេះឱ្យកាន់តែល្អប្រសើរឡើង និង ដំណើរការកាន់តែរលូនសម្រាប់ឆ្នាំបន្តបន្ទាប់ សំដៅជំរុញការផ្តល់ជម្រើសសំបូរបែប និងតម្លាភាពជូន ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធ និងបង្កើនចំណូលថវិកាជាតិផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា៖ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជី ពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២០១ ៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។ ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួនក្នុងឆ្នាំ២០២១ ទទួលបានចំណូលថវិកាសរុបចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល កើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print