លោក​ នេត្រ​ ភក្ត្រា​​៖​ «អនាគតដែលយើងប្រាថ្នា» ជាប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ​៖​ «អនាគតដែលយើងប្រាថ្នា» ជាប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះដែលជំរុញឱ្យមានការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀតសម្រាប់និរន្តរភាពនៃភពផែនដី។ នេះបេី​តាមការបញ្ជាក់ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ព្រហស្បតិ៍​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២២។

លោក នេត្រ ភក្ត្រា​ បានបញ្ជាក់បន្ថែមថា​ ឆ្នាំនេះ គឺជាឆ្នាំទី១៣ ហើយដែលកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយគេសង្កេតឃើញកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពក្នុងការការពារបរិស្ថានមានការកើនឡើងពីសំណាក់សហគមន៍ និងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ គេចាំបាច់ត្រូវរៀបចំនូវវិធានការរួមគ្នាបន្ថែមទៀតពីគ្រប់ភាគីទាំងអស់ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព ប្រកបដោយភាពធន់ និងនិរន្តរភាព។

​អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ​ បាន​ថ្លែងបន្តថា​ ទិវា​មួយ​ម៉ោង សម្រាប់​ភពផែនដី គឺជា​ឱកាសល្អ​មួយ សម្រាប់​យើងទាំងអស់គ្នា បង្ហាញ​ពី​ការយកចិត្តទុកដាក់ ចំពោះ​ធម្មជាតិ និង​បរិស្ថាន ក៏ដូចជា ប្រាប់​ដល់​អ្នក​ដទៃទៀត ឱ្យបាន​យល់​ពី​សារៈសំខាន់ នៃ​ធនធានធម្មជាតិ ចំពោះ​ជីវិត នៅលើ​ភពផែនដី ព្រមទាំង​ចូលរួម ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន ដែល​កំពុង​កើតឡើង នាពេល​បច្ចុប្បន្ន ជាពិសេស ការប្រែប្រួល​អាកា​ធាតុ ការខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី ដែលជា​កត្តា​គំរាមកំហែង សកល ដល់​មនុស្ស និង​ធម្មជាតិ​។​

​រដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ថា៖” ទិវា​នេះ ផ្តល់ឱកាស សម្រាប់​យើង ចូលរួម​អបអរ ក៏ប៉ុន្តែ​វា​ក៏​ជា​ពេល ដែល​យើង​ត្រូវ​បង្ហាញ​ឆន្ទៈ ដ៏​មោះមុត ចំពោះ​ការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ជាតិ​ផងដែរ ហើយ​ការការពារ​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​នេះ មិនមែន​ធ្វើ​ត្រឹម​រយៈពេល ១ ម៉ោង នៃ​ការ​ប្រារព្ធ​ទិវា​នេះ​ទេ គឺ​យើង​ត្រូវធ្វើ​ជាប្រចាំ​»​។​

​គួរ​បញ្ជាក់ថា ទិវា​មួយ​ម៉ោង សម្រាប់​ភពផែនដី គឺជា​យុទ្ធនាការ​បរិស្ថាន​ដ៏​ធំ​មួយ នៅលើ​ពិភពលោក ដែល​បាន​ចាប់បដិសន្ធិ​ឡើង ដោយ​ការរួម​កំលាំង ពី​ប្រជាជន ជុំវិញ​សកលលោក​។​​

​ការបិទ​ភ្លើង​មួយ​ម៉ោង នា​ម៉ោង ៨:៣០ នាទី​យប់ នៅ​ថ្ងៃ​សៅរ៍ ចុងក្រោយ​នៃ​ខែមីនា បាន​ក្លាយជា​សកម្មភាព និមិត្តរូប​សកល​មួយ ចាប់តាំងពី​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ​មួយ​នេះ បានចាប់កំណើត​ឡើង ក្នុង​ឆ្នាំ​២០០៧ នៅ​ទីក្រុង​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី មកម្ល៉េះ ដែល​ពេលនោះ ទិវា​នេះ​ត្រូវបាន​ធ្វើឡើង ដើម្បី​ផ្សព្វផ្សាយ អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់ ភ្លើងអគ្គិសនី ទៅលើ​បរិស្ថាន​។ តាមរយៈ​ការបិទ​ភ្លើង មួយ​ម៉ោង​នេះ ប្រជាជន​នៅលើ ពិភពលោក បង្ហាញ​ឆន្ទៈ និង​ចូលរួមចំណែក លើកកម្ពស់​ការយល់ដឹង ជាស​កល ជម្រុញ​ការ ផ្លាស់ប្តូរ​ឥរិយាបថ ជា​វិជ្ជមាន ក្នុងការ​ប្រើប្រាស់ ថាមពល​អគ្គិសនី ដើម្បី​រួមចំណែក​កាត់បន្ថយ ផលប៉ះពាល់ ពី​ការឡើង​កំដៅ​ផែនដី​។​

​ជាមួយគ្នានេះ​ នាយក​អង្គការ WWF លោក សេង ទៀក បាន​មានប្រសាសន៍ថា៖«​ធនធានធម្មជាតិ ព្រមទាំង​ប្រព័ន្ធ​អេកូឡូស៊ី ផ្តល់នូវ​មូលដ្ឋានគ្រឹះ សម្រាប់​ទ្រទ្រង់ ដល់​ការរស់នៅ របស់​មនុស្ស សត្វ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ ខណៈ​វា​ក៏​ជា​ធាតុ​ដ៏​ចាំបាច់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​ផងដែរ​។ ការថែរក្សា​ការពារ​ធនធានធម្មជាតិ និង​ភពផែនដី ដែលជា​ផ្ទះ​រួម របស់​យើង គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​។ រួមគ្នា យើង​អាច​កសាង​អនាគត​មួយ ដែល​មនុស្ស និង​ធម្មជាតិ អាច​រស់​នៅបាន ដោយ​សុខដុមរមនា ជាមួយគ្នា​។​»

​ដោយឡែក​ឯកអគ្គរាជទូត​អូស្ត្រាលីប្រចាំ​នៅ​កម្ពុជា លោក Pablo Kang ក៏បាន​មានប្រសាសន៍ថា៖ «​ទិវា​មួយ​ម៉ោង សម្រាប់​ភពផែនដី បាន​បន្ត​ឆ្លុះបញ្ចាំង ឱ្យ​យើង​ឃើញ​ពី​លទ្ធផល ដែល​យើង ទទួលបាន ចេញពី​ភាពរួបរួម​សាមគ្គី​គ្នា ដែល​វា​ផ្តល់នូវ​ក្ដីសង្ឃឹម ក្នុងការ​រៀបចំ​អនាគត ដ៏​ប្រសើរ​មួយ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។ យើង​អាច​ចូលរួម​ធ្វើឱ្យមាន ការផ្លាស់ប្តូរ ជា​វិជ្ជមាន ចំពោះ​វិបត្តិ​អាកាសធាតុ តាមរយៈ​ការកាត់បន្ថយ ការប្រើប្រាស់​ថាមពល និង​បន្ត​ប្រកាន់ខ្ជាប់ នូវ​សកម្មភាព​មេត្រីភាព​បរិស្ថាន​ងាយៗ ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង គឺ​អនាគត​បែបនេះហើយ ដែល​យើង​គ្រប់គ្នា ត្រូវ​ចូលរួម​កសាង​រួមគ្នា​”៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print