ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) កញ្ចប់ការងារទី៤

ចែករំលែក៖

ភ្នំពេញ : ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) កញ្ចប់ការងារទី៤ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។

សូមបញ្ជាក់ថា, នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) កញ្ចប់ការងារទី៤ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក Le Huu Viet Duc តំណាងក្រុមហ៊ុនសាងសង់ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) មន្ត្រីជំនាញបច្ចេសទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលមានទំហំទឹកប្រាក់សរុប ៣៦,៩១០លានយ៉េន ប្រមាណ៣១៣លានដុល្លាអាមេរិក សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល ដែលផ្តើមសាងសង់ចាប់ពីធ្លាម្អម ទៅដល់បាត់ដំបងប្រវែង១១០,៩០គីឡូម៉ែត្រ និងបូកបញ្ចូលផ្នែកចុងក្រោយ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤គីឡូម៉ែត្រ សរុបមានប្រវែង១៤៦,០៤ គីឡូម៉ែត្រ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រ ក៏ដូចជាចូលរួមចំណែកក្នុងការស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅកម្ពុជា និងបានគូសបញ្ជាក់ពីសារសំខាន់ផ្លូវជាតិលេខ៥ តភ្ជាប់ប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ១ បង្កើតបានជាផ្លូវអាស៊ានហាយវេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ជាពិសេសស្របពេលដែលកំណើនចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើង។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការសាងសង់រួចរាល់ជាស្ថាពរ១០០% នៃកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ ដោយឡែកទាក់ទងនឹងកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅធ្លាម្អម (ពោធិ៍សាត់)ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រោងនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង ធានាដល់ការប្រើប្រាស់បានយូរអង្វែង និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមការដ្ឋានឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដាក់ផ្លាកសញ្ញាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវពេលយប់ជាដើម។  

ជាមួយគ្នានោះផងដែរ លោក Le Huu Viet Duc បានសម្តែងនូវជំនឿយ៉ាងមុតមាំថា៖ ពិធីចុះហត្ថលេខានៅថ្ងៃនេះគឺជាលក្ខខណ្ឌចាំបាច់ ដែលអាចឱ្យក្រុមហ៊ុនយល់ដឹងកាន់តែច្បាស់ ក្នុងការចូលរួមក្នុងសកម្មភាពសាងសង់ជាច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសជាងនេះទៅទៀត គម្រោងនេះធ្វើឱ្យចំណងទាក់ទងរវាងប្រទេសជិតខាងទាំងពីរកម្ពុជា-វៀតណាម កាន់តែមានភាពជិតស្និទ្ធថែមទៀត។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល នឹងធ្វើការពង្រីកលើផ្លូវចាស់ពី ២គន្លង ទៅ ៤គន្លង ស្ថាបនាផ្លូវវាងក្រុងពោធិ៍សាត់ មានប្រវែង ១១,៦៩គីឡូម៉ែត្រ ដែលមាន៤គន្លង គម្រោងស្ថាបនាផ្លូវមានទទឹងផ្លូវប្រវែង ២៣ម៉ែត្រ ក្រាលកៅស៊ូ AC (Asphalt Concrete) កម្រាស់១៥សង់ទីម៉ែត្រ និងមានសួនច្បារនៅចំកណ្តាល ធ្វើការពង្រីកស្ពានចាស់ចំនួន ២៧កន្លែង សាងសង់ស្ពានថ្មីចំនួន០៨កន្លែង ស្ថាបនាលូរំដោះទឹកភ្លៀង (លូមូលចំនួន ៩០កន្លែង និងលូប្រអប់ចំនួន៧៨កន្លែង) និងស្ថាបនាស្ថានីយជញ្ជីងថ្លឹងទម្ងន់រថយន្តចំនួន ៦ស្ថានីយ។

សូមបញ្ជាក់ថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល ចែកចេញជា៥កញ្ចប់ការងារដូចតទៅ៖ កញ្ចប់ទី១- ពង្រីកផ្លូវចាស់ពី២គន្លងទៅ៤គន្លង និងស្ថាបនាផ្លូវវាងក្រុងពោធិ៍សាត់ ក្រាលកម្រាល AC កម្រាស់១៥សម និងសួនកណ្តាល ប្រវែង១៩,៨០គីឡូម៉ែត្រ (ផ្លូវវាង១១,៦៩គីឡូម៉ែត្រ) ចាប់ពី គម១៧១+២០០ ដល់ គម១៩១+០០០ គ្រោងចំណាយថវិកា៥៩ ៨១៨ ៥០១,៦៦ ដុល្លារអាមេរិក សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture។ កញ្ចប់ទី២-ពង្រីកផ្លូវចាស់ពី២គន្លង ទៅ៤គន្លង ក្រាលកម្រាល AC កម្រាស់១៥សម និងសួនច្បារកណ្តាល ប្រវែង៤៧គីឡូម៉ែត្រ ចាប់ពីគម១៩១+០០០ ទៅដល់ គម២៣៨+០០០ គ្រោងចំណាយថវិកា ៩២ ៥៨៣ ០៦១,០៣ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន OBAYASHI CORPORATION។ កញ្ចប់ទី៣- ពង្រីកផ្លូវចាស់ពី២គន្លងទៅ៤គន្លង ក្រាលកម្រាលAC កម្រាស់១៥សម និងសួនច្បារកណ្តាល ប្រវែង៤៤,១ គីឡូម៉ែត្រ ចាប់ពី គម២៣៨+០០០ ដល់ គម២៨២+១០១ គម្រោងចំណាយថវិកា៩១ ៣៤១ ១៣១,៧៣ ដុល្លារអាមេរិក សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន TEKKEN-IKEE Joint Venture។ កញ្ចប់ទី៤- ពង្រីកផ្លូវចាស់ពី២គន្លងទៅ៤គន្លង ក្រាលកម្រាល AC កម្រាស់១៥សម និងសួនច្បារកណ្តាលប្រវែង ៣៥,១៤គីឡូម៉ែត្រ ចាប់ពី គម៣៦៦+៨១៥ ដល់ គម៤០២+០១០ គ្រោងចំណាយថវិកា៥២ ៥៦១ ៧៦៣,៩៣ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន CC1-CIENCO6 Joint Venture ។ កញ្ចប់ទី៥- ស្ថាបនាស្ថាយនីយថ្លឹងទម្ងន់រថយន្តចំនួន ៦ស្ថានីយ។ 

គួរកត់សម្គាល់ថា៖ សម្រាប់កញ្ចប់ការងារទី៤ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលត្រូវចុះហត្ថលេខានាពេលនេះ គ្រោងនឹងប្រើរយៈពេលសាងសង់ប្រមាណ ៣២ខែ (ប្រហែល២ឆ្នាំ និង៨ខែ) និងចំណាយថវិកាចំនួន ៥២ ៥៦១៧៦៣,៩៣ ដុល្លាអាមេរិក៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print