ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុកមុននេះក្រោយពីគេទទួលបានដំណឹងថា វីរសិល្បករផ្នែកចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ បានទទួលមរណភាពបាត់ទៅហើយ។ ដំណឹងនេះត្រូវបានចែករំលែកក្រោយពីមុននេះប៉ុន្មានថ្ងៃលោកធ្លាក់ខ្លួនឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រោះតែជំងឹលើសឈាម។ ដំណឹងមរណភាពនេះបានបង្កើតឲ្យមានការចែករំលែកព្រោងព្រាតពេញបណ្តាញសង្គមតែម្តងមុននេះសូម្បីតែអតីតតារាចម្រៀង លោកសានផានិតក៏បានចែករំលែករូបថតមួយសន្លឹកអមដោយសារថាលោកព្រហ្ម ម៉ាញបានទទួលមរណភាពបាត់ទៅហើយរហូតធ្វើឲ្យគេភ្ញាក់ផ្អើលនិងសម្តែងការសោកស្តាយមិនតិចនោះទេ។
ទោះជាយ៉ាងណាដំណឹងនៃការទទួលមរណភាពនេះត្រូវបានច្រានចោលដោយលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈជួយសង្គមដោយលោកលើកឡើងថា នេះគឺជាដំណឹងមិនពិតនោះឡើយ ហើយលោកកំពុងតែរៀបចំបញ្ចេញសារដើម្បិបញ្ជាក់ប្រាប់មហាជនផងដែរ ដោយលោកបានលើកឡើងដោយខ្លីថាស្ថានភាពសុខភាពរបស់លោកព្រហ្ម ម៉ាញនៅពេលនេះគឺមានភាពល្អប្រសើរបន្តិចហើយក្រោយពីការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។
គួរបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ព្រហ្ម ម៉ាញ ក៏ត្រូវបង្ហាញមុខក្នុងកម្មវិធីប្រគល់ពានដ៏ធំប្រចាំកម្ពុជាដែរ តែស្រាប់តែជួបបញ្ហាសុខភាពមិនបានបង្ហាញមុខឡើយ ដោយសារជំងឺលើសឈាមធ្វើទុក្ខ រហូតគ្រួសារដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។បើតាមការបង្ហោះនិងបង្ហាញលើ Facebook របស់ អ្នកនាង ឆយ ដែលជាតារាកំប្លែងជើងចាស់ដែរនោះ បានឲ្យដឹងថា លោក ព្រហ្ម ម៉ាញ ចាប់ផ្ដើមឈឺក្បាល រវើរវាយ ហើយអ្នកចាំមើលថែផ្ទាល់មានតែភរិយារបស់លោកតែម្នាក់គត់។ ដំណឹងនេះបានធ្វើឲ្យមិត្តសិល្បករ-សិល្បការិនី ក៏ដូចជាមហាជនមានការព្រួយបារម្ភជាពន់ពេក ៕ ដោយ វឌ្ឍនា