ភ្នំពេញ : ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស៎សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹងទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ដើម្បីចាត់វិធានការជាបន្ទាន់ធ្វើការទប់ស្កាត់ និងបង្គ្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត់ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលដឹកនាំពិភាក្សាដោយ លោករដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួម លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកខេត្តគោលដៅទាំងប្រាំ ហើយនិងឯកឧត្តមអគ្គលេខាធិការ លោកទីប្រឹក្សា លោកប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ។
សូមរម្លឹកថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យអភិបាលខេត្ត និងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនចេញពីតំណែងប្រសិនជាមិនអាចបង្ក្រាបឈ្មួញទុច្ចរិតបំផ្លាញត្រីក្នុងបឹងទន្លេសាបមិនបាន។ សម្ដេចយល់ថា រឿងនេះជារឿងដែលតិចតួចបំផុតមិនគួរណាអភិបាលខេត្ត ឬរដ្ឋមន្ត្រីធ្វើមិនចេញនោះទេ។
សម្តេចតេជោ ហ៊ុនសែន ថ្លែងថា, ៖ ក្រសួងនីមួយៗពេលដែលបានអំណាចក្នុងដៃហើយ ត្រូវតែប្រើអំណាចនោះទៅអនុវត្ត ។
សម្ដេចថ្លែងថា៖ «ឥឡូវយើងជាអ្នកកាន់ដល់ប៉ុនហ្នឹង បង្ក្រាបពួកអាហ្នឹងមិនបាន យើងមិនបាច់ធ្វើចៅហ្វាយខេត្តទេ! និយាយគ្នាឱ្យត្រង់ៗតែម្ដង ហើយក៏មិនបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអីទេ! បើគ្រាន់តែធ្វើប៉ុហ្នឹងធ្វើមិនឈ្នះនោះ! កុំធ្វើមេទាហានកុំធ្វើមេប៉ូលិសតទៅទៀត។ ចេញពីហ្នឹងទៅនាំគ្នាធ្វើ»។
សម្ដេចបានឱ្យអភិបាលខេត្តជុំវិញបឹងទន្លេសាបទាំងអស់សន្យាជាមួយសម្ដេចអំពីការប្ដេជ្ញាក្នុងការដោះស្រាយបញ្ហានេះដល់សម្ដេចផងដែរ។
សម្ដេចតេជោថ្លែងខ្លាំងៗបែបនេះក្នុងពេលជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុនសែន បាន:
⁃ ចេញបទបញ្ជាលុបបំបាត់បទល្មើសនេសាទលើបឹងទន្លេសាបទាំងស្រុង ។
⁃ បញ្ជាឱ្យកម្ចាត់ក្រុមឈ្មួញទុច្ចរិតក្នុងការបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់ ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែង កោតសរសើរចំពោះក្រុមការងារ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងការរឹបអូសយកដីអភិរក្សបឹងទន្លេសាបយកមកវិញ ។
សម្តេចតេជោ ក៏មានប្រសាសន៍ពី វិស័យកសិកម្មក្នុងឆ្នាំ ២០២១ មានការរីកចម្រើន បើធៀបទៅឆ្នាំ ២០២០ ។
សម្តេចតេជោ ហ៊ុនសែន បន្តថា, បច្ចុប្បន្ន វិស័យកសិកម្មជាវិស័យអាទិភាពមួយសម្រាប់ធានាសន្តិសុខស្បៀង ។
សម្តេចតេជោ លើកឡើងថា, ផលិតកម្មសត្វ ដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២% ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧% ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥,០០០លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០៕
ដោយ : សិលា