កាណូត​ចំនួន​ ៥គ្រឿង​របស់​សហគមន៍​អឺរ៉ុប​ ទុកសម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​អភិរក្ស​ធនធាន​ជលផល​ ត្រូវបានប្រគល់ជូនសហគមន៍​នេសាទ​ ​និង​សហគមន៍​ស្រះ​ជម្រក​ត្រី​នៅ​ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖​ កាណូត​ចំនួន​ ៥គ្រឿង​របស់​សហគមន៍​អឺរ៉ុប​ រូវ​បានប្រគល់ជូនសហគមន៍​នេសាទ​ចំនួន​ ២គ្រឿង​ និង​សហគមន៍​ស្រះ​ជម្រក​ត្រី​ចំនួន​៣គ្រឿង​ ទុក​សម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​អភិរក្ស​ធនធាន​ជលផល​ នៅថ្ងៃ​សុក្រ​ទី​២៥​ ខែមីនា ឆ្នាំ​២០២២នេះ​ ​តាមរយៈ​រដ្ឋបាល​ខណ្ឌ​ជលផល​ព្រៃវែង និង​តំណាង​សហគមន៍​ទាំង​៥​​។

​បើ​តាមការបញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ព្រៃវែង​ លោក អូន ស៊ី​ណាត បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៥​ ខែមីនា ឆ្នាំ​២០២២​នេះថា៖ កាណូត​ចំនួន​៥​គ្រឿង​នេះ​មួយគ្រឿងៗ​មាន បណ្តោយ​ប្រវែង​៧,២​ម៉ែត្រ បំពាក់​ដោយ​ម៉ាស៊ីន​២៧​សេ​ហ្វ និង​អាគុយ​៤០​អំពែ​សម្រាប់​ទូក​នីមួយៗ​។ កាណូត​ទាំងនេះ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​អភិរក្ស​ធនធាន​ជលផល​នៅក្នុង​ខេត្តព្រៃវែង​។​

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ព្រៃវែង បានបន្យថា៖ សហគមន៍​ទាំង​៥ដែល​បានទទួល​កាណូត​ខាងលើ​រួមមាន៖ សហគមន៍​នេសាទ​ព្រែក​ក្របៅ​, សហគមន៍​នេសាទ​ស្វាយ​ភ្លោះ​, សហគមន៍​ស្រះ​ជម្រក​ត្រី​បឹង​ផ្លាំ​ង​, សហគម​ន៏​ស្រះ​ជម្រក​ត្រី​បឹង​លើ និង​សហគមន៍​ស្រះ​ជម្រក​ត្រី​បឹង​មេសាង​។​

​លោក អូន ស៊ី​ណាត បានគូសបញ្ជាក់ថា៖ នៅក្នុង​ខេត្តព្រៃវែង​សព្វថ្ងៃ​មាន​សហគមន៍​នេសាទ​ បាន​ចុះបញ្ជី​ចំនួន​២៨ និង​សហគមន៍​ស្រះ​ជម្រក​ត្រី​មាន​ចំនួន ៧៩ ដែល​កន្លងទៅ​ទទួលបាន​កាណូត​ពី​សហគមន៍​អឺរ៉ុប​ចំនួន​១០​គ្រឿង​សម្រាប់​សហគមន៍​នេសាទ និង​ចំនួន​១៤​គ្រឿង​សម្រាប់​សហគមន៍​ស្រះ​ជម្រក​ត្រី​សម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​អភិរក្ស​ធនធាន​ជលផល​នៅក្នុង​មូលដ្ឋាន​ខេត្តព្រៃវែង​ និង​ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង​ ក៏​ទទួលបាន​ចំនួន​៥​គ្រឿង​ផងដែរ​៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print