កម្លាំងទាហានហូ៊ធី នៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារជាថ្មីទៅលើទីតាំងប្រេងនៅក្នុងប្រទេសអារ៉ាប៊ី សាអ៊ូ
ឌីត ។ ការវាយប្រហារបង្កឱ្យមានការឆាបឆេះជាទ្រង់ទ្រាយធំ នៅទីតាំងប្រេង Jeddah ។
កម្លាំងទាហាន ហូ៊ធី បានបើកការវាយប្រហារ១៦លើកកន្លងមក ដោយការវាយប្រហារចេញពីភាគខាងត្បូង និងចេញពីតំបន់ Jeddah នៅភាគខាងលិចសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអារ៉ាប៊ី សាអូ៊ឌីត ក្នុងនោះមានរោងចក្រអគ្គិសនី រោងចក្រចម្រាញប្រេង រោងចក្រផលិតទឹកស្អាត …។
ការវាយប្រហារទៅលើទីតាំង ឃ្លាំងស្តុកប្រេង Aramco កាលពីថ្ងៃទី២៥ខែមីនា បង្កឱ្យមានការឆេះយ៉ាងខ្លាំង ។ មន្ត្រីអារ៉ាប៊ី សាអ៊ូឌីតបានបញ្ជាក់ថា ការវាយប្រហារភាគច្រើនចេញពីយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែត ។
អាមេរិកចាត់ទុកការវាយប្រហារ របស់ក្រុមឧទ្ទាមនៅយេម៉ែនគឺជារឿងមិនអាចទទួលយកបានឡើយ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jalina Porter បានឱ្យដឹងថា«យើងនឹងធ្វើការជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌិត ដើម្បីបង្កើនការដាក់ប្រព័ន្ធការពារ ទប់ស្កាត់ការវាយប្រហារពីក្រុមឧទ្ទាម។ ក្រុមអ្នកឯកទេសបានលើកឡើងថា អាមេរិកគឺតែងតែ ឆ្លៀតឱកាសក្នុងការលក់អាវុធ ។
ការបង្កើនសកម្មភាពវាយប្រហារទៅលើទីតាំងប្រេងក្នុងពេលដែលតម្លៃប្រេងនៅលើពិភពលោក កំពុងតែកើនឡើងខ្ពស់ អាចនឹងបង្កឱ្យមានកង្វះប្រេង ក៏ដូចជាតម្លៃកាន់តែខ្ពស់៕ ដោយធីរីណា
រូបថត : PetroTimes