ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចលើខ្នងភ្នំស ស្ថិតនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់ដែលកប់នៅក្នុងដី ខណៈ ពលរដ្ឋជាអ្នកចំការ០២នាក់កំពុងជីកដីបំណងគាស់យកគល់ឈើមួយនៅទីនោះ បានបណ្តាលឱ្យបុរសម្នាក់ឈ្មោះ ផាង ភ័ណ្ឌ ហៅទូច អាយុ២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង របួសដាច់ជើងខាងឆ្វេងស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតឈ្មោះ ឆាយ កុសល់ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសចំភ្នែកទាំងសងខាងត្រូវនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បញ្ជាក់ថា បុរសទាំងពីរនាក់រស់នៅក្រៅមូលដ្ឋាននេះ ហើយកន្លងទៅពួកគាត់មកស្នាក់បណ្តោះអាសន្នធ្វើចំការនៅមូលដ្ឋានខាងលើ ។
លោកបន្តថា នៅថ្ងៃកើតហេតុនេះគាត់ទាំងពីរនាក់ស្វែងរកគល់ឈើចាស់ៗដើម្បីជីកយកទៅប្រើប្រាស់ ឬយកទៅលក់ដូរចិញ្ចឹមជីវិត ខណៈពួកគាត់កំពុងជីកគល់ឈើនៅចំណុចនោះបានប៉ះចំគ្រាប់មីនកប់ក្នុងដីទើបបង្កជាករណីផ្ទុះបែបនេះ។ លោកអធិការបន្តថា បន្ទាប់ពីកើតហេតុភ្លាមសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធរួមទាំងកងកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុជួយនាំជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯក សន និល បានបញ្ជាក់យ៉ាងដូច្នេះថា ចំណុចភ្នំសក្នុងភូមិរស្មីសង្ហារ ស្រុករតនមណ្ឌលនេះគឺជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់មួយក្នុងចំណោមសមរភូមិជាច្រើនផ្សេងៗទៀត ។ នៅចំណុចកើតហេតុថ្ងៃនេះអាចជាគ្រាប់មីនដែលគេបង្កប់ក្នុងដីក្បែរគល់ឈើពីពេលមុន ទំនងជាជនរងគ្រោះជីកដីក្បែរគល់ឈើប៉ះចំគ្រាប់មីនទើបបង្កឱ្យផ្ទុះឡើងតែម្តង។
លោកបន្ថែមថានៅចំណុចកើតហេតុពីមុនមកក៏ធ្លាប់ប្រទះឃើញគ្រាប់មីនប្រឆាំងរថក្រោះរួមទាំងយុទ្ធភ័ណ្ឌផ្សេងៗជាច្រើនទៀតនៅកប់រាយប៉ាយនៅទីនោះ។
សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុពិនិត្យររួចរាល់៕
ដោយ៖ សូរិយា