(ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលុបឈ្មោះបេក្ខជន ចំនួន៣រូប ចេញពីបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ តំណាងគណបក្សឆន្ទៈខ្មែរ អវត្តមានក្នុងពេលសវនាការ។
ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន៤ (សំណុំរឿងលេខ ១១១ លេខ ១១២ លេខ ១៣១ និងលេខ ១៣៣) ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន និងបញ្ជីបេក្ខជនដំបូងនៃគណបក្សឆន្ទៈខ្មែរ។
ទី១៖ ក្នុងសំណុំរឿងលេខ ១១១ ដើមបណ្ដឹងឈ្មោះ ប៉ក់ ប៉ុន ភេទប្រុស ជាប្រជាពលរដ្ឋបានប្តឹង សុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ត កំពង់ចាម។
ទី២៖ ក្នុងសំណុំរឿងលេខ ១១២ ដើមបណ្ដឹងឈ្មោះ ស សារ៉ា ភេទប្រុស ជាប្រជាពលរដ្ឋបានប្តឹង សុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្ត កំពង់ចាម។
ទី៣៖ ក្នុងសំណុំរឿងលេខ ១៣១ ដើមបណ្ដឹងឈ្មោះ សុខ ពង្សច័ន្ទវិស្សុត ភេទប្រុស ជាប្រជាពលរដ្ឋ បានប្តឹងសុំលុបឈ្មោះបេក្ខជន ៣រូប ក្នុងបញ្ជីបេក្ខជន និងប្តឹងសុំលុបបញ្ជីបេក្ខជនដំបូងនៃ គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
និងទី៤៖ ក្នុងសំណុំរឿងលេខ ១៣៣ ដើមបណ្ដឹងឈ្មោះ សុខ ពង្សច័ន្ទវិស្សុត ភេទប្រុស ជាប្រជាពលរដ្ឋ បានប្តឹងសុំលុបឈ្មោះបេក្ខជន ១០រូប ក្នុងបញ្ជីបេក្ខជន និងប្តឹងសុំលុបបញ្ជីបេក្ខជនដំបូងនៃ គណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង ចុងចម្លើយ ស្តាប់ការឆ្លើយបំភ្លឺរបស់ មេធាវី តំណាងដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖
*រក្សាទុកបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទុកជាបានការ ក្នុងសំណុំរឿងលេខ ១១១ សេចក្តីសម្រេចលេខ ០៨៣ គ.ជ.ប។
*រក្សាទុកបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទុកជាបានការ ក្នុងសំណុំរឿងលេខ ១១២ សេចក្តីសម្រេចលេខ ០៨៤ គ.ជ.ប។
*លុបឈ្មោះបេក្ខជន ចំនួន៣រូប ចេញពីបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៖
ទី១៖ ឈ្មោះ នូច សារុំ ភេទប្រុស កើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៨៧ ឈរលេខរៀងទី៦
ទី២៖ ឈ្មោះ នូច ដារ៉ា ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៨៥ ឈរលេខរៀងទី៧
និងទី៣៖ ឈ្មោះ ហែន ស្រីលក្ខណ៍ ភេទស្រី កើតថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៩១ ឈរលេខរៀងទី១៨។
*រក្សាទុកបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន នៅសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទុកជាបានការ ក្នុងសំណុំរឿងលេខ ១៣១ សេចក្តីសម្រេចលេខ ០៨៤ គ.ជ.ប។
*លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សឆន្ទៈខ្មែរ នៅសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងសំណុំរឿងលេខ ១៣៣ សេចក្តីសម្រេចលេខ ០៨៦ គ.ជ.ប។ តំណាងគណបក្សឆន្ទៈខ្មែរ អវត្តមានក្នុងពេលសវនាការ។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕