សម្ដេចក្រឡាហោម​ ស​ ខេង​៖​ ក្រេីនរលឹក​បងប្អូនរួមជាតិអំពីស្ថានភាពគ្រោះថ្នាក់​ និងការអុវត្តច្បាប់ចរាចរណ៍ក្នុងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​ពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ បងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះខ្ញុំសូមរំលឹក​ និងជម្រាបជូនបងបងប្អូនរួមជាតិអំពីស្ថានភាពគ្រោះថ្នាក់និងការអុវត្តច្បាប់ចរាចរណ៍ក្នុងប្រទេសយើងអស់រយៈពេលប្រមាណពីរទសវត្សរ៍ចុងក្រោយនេះដែលមានការវិវត្តិប្រកបដោយភាពវិជ្ជមានផង និងឆ្លងកាត់បញ្ហាប្រឈមផង ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ។

ប្រសាសន៍​របស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ បានថ្លែង​បន្តថា​ ចាប់តាំងពីឆ្នាំ២០០២ មក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រូវបានកែប្រែ ឬវិសោធនកម្មជាបន្តបន្ទាប់។ រាល់ ពេលកែប្រែ ឬវិសោធនកម្ម រាជរដ្ឋាភិបាលតែងតែបានទុកឱកាសធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមគ្រប់ រូបភាពក្នុងរយៈពេលពី៦ខែ ទៅ១ ឆ្នាំដោយផ្ទាល់ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា មុនមានការអនុវត្តច្បាប់ថ្មី។ អស់រយៈច្រើនឆ្នាំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានយកការអប់រំផ្សព្វផ្សាយច្បាប់ជាអាទិភាព។

ជាក់ស្តែងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោករាប់សែនក្បាលបានចែកឥតគិតថ្លៃ រួមទាំងខិត្តបណ្ណ បដា ពាក្យ ស្លោកជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេស ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅតែមានអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនបានយកចិត្តទុកដាក់ទទួលយកការអប់រំផ្សព្វផ្សាយនេះ រីឯមួយចំនួនទៀត បានយល់ដឹងច្បាប់ហើយ តែបានបំពានច្បាប់ បង្កកំហុស ឫគ្រោះថ្នាក់ពេលបើកបរ។

នៅឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍យ៉ាងគំហុកបានបណ្តាល ឲ្យស្លាប់ប្រជាពលរដ្ឋជិត២០០០នាក់ និងរបួសជាង៦០០០នាក់ ដែលជាការបាត់បង់ឬជាសោកនាដកម្មដ៍ធំធេងរបស់ប្រទេសយើង ក្នុងស្ថានភាពដែ លយានយន្តមានកំណើនខ្ពស់ផងដែរ។

ប្រឈមនឹងស្ថានភាពអវិជ្ជមាននេះ នៅឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកំណត់ យកគោលការណ៍រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាអាទិភាព ជំនួសការអប់រំផ្សព្វផ្សាយច្បាប់វិញ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។

បន្ទាប់ពីរឹតបន្តឹងច្បាប់អស់រយៈ ២ឆ្នាំ (២០២០ និង២០២១)ចំនួនអ្នកស្លាប់ និងរបួសបានថយចុះគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០២១ ចំនួនស្លាប់ថយមកត្រឹម ១៤៩៧នាក់ ចំនួនរបួសបានថយមកត្រឹម៣៦១៥នាក់។ គឺរយៈពេល២ឆ្នាំនេះយើងបានសង្គ្រោះជីវិតប្រជាពល រដ្ឋរួចផុតពីសេចក្តីស្លាប់ប្រមាណ ៨០០នាក់ និងផុតពីរងរបួសចំនួនប្រមាណ ៣០០០នាក់។

សម្ដេចក្រឡាហោម​ ថ្លែង​បន្ថែម​ថា៖​ បងប្អូនជនរួមជាតិជាទីគោរព!

ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមកោតសរសើរចំពោះប្រជាពលរដ្ឋដ៍ច្រើនលើសលប់ដែល មានឆន្ទៈចូលរួមគោរពច្បាប់ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការពារអាយុជីវិតទាំងអស់គ្នា។ សូមកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការសម្រេចជោគជ័យក្នុងភារកិច្ចដ៍ថ្លៃថ្លានេះ។

ប៉ុន្តែទោះយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមយូរអង្វែង។ រាល់ថ្ងៃចំនួនអ្នកស្លាប់ជា មធ្យម នៅតែមានចំនួន៥នាក់ និងរបួស១០នាក់ និងកំពុងកើនឡើងជាថ្មីទៀតនាត្រីមាសទី១ ឆ្នាំ២០២២នេះ នៅក្នុងពេលដែលគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា គ្រាប់មីន ជំងឺអេដស៍ ឬជំងឺកូវីដ-១៩ កំពុងថយចុះយ៉ាងខ្លាំង។

ជាថ្មីម្តងទៀត ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម​ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាន់នូវសីលធម៌យោគយល់អាធ្យាស្រ័យក្នុងការបើកបរ។ សូមរំលឹក ដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ត្រូវបន្តខិតខំទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវអនុវត្តឲ្យ បានជោគជ័យតាមទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ និងដើម្បីអនុវត្តឲ្យបានជោគ ជ័យនូវអនុសាសន៍ណែនាំដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

ឆ្លៀតក្នុងឱកាសនេះ​ សម្ដេចក្រឡាហោម​ សូមជូនពរដល់ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងឱកាសឆ្នាំថ្មី ឆ្នាំខាល ដែលនឹងឈានចូលឆាប់ៗ នេះ សូមប្រកបដោយសេចក្តីសុខចម្រើន និងសម្រេចជោគជ័យគ្រប់ ភារកិច្ច ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងជំងឺឆ្លង៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print