ភ្នំពេញ ៖ ជាការយកចិត្តទុកដាក់ដល់កងកម្លាំងក្នុងការពារសុខសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌចំការមន លោក យិន សាន អធិការខណ្ឌចំការមន តំណាងឱ្យលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់ឯកសណ្ឋានឈុតខ្មៅជូនដល់កងកម្លាំងសរុប៨០កំប្លេ និងម៉ាស់ចំនួន១០០០ម៉ាស់ ហើយលោកអធិការក៏បានផ្ដល់អាវសុីវិលជូនដល់កងកម្លាំង ចំនួន៨០អាវផងដែរនាព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២២ ដោយមានកងកម្លាំងប៉ុស្តិ៍រដ្ឋបាលចំនួន៥ ព្រមទាំងផ្នែកសណ្ដាប់ធ្នាប់សាធារណ: និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌ ។
លោក យិន សាន អធិការខណ្ឌចំការមន បានប្រាប់ទៅកងកម្លាំងចំណុះអធិការដ្ឋានថា ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ចេញកម្លាំងល្បាតដើម្បីបង្ការបទល្មើសផ្សេងៗ ។ ជាមួយគ្នានោះ លោកអធិការក៏បានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និងការពារការឆ្លងជំងឺកូវី-១៩ ដែលបំប្លែងខ្លួនថ្មីអូមីក្រុង ពិសេសអនុវត្តនូវវិធានការ«៣កុំ ៣ការពារ» កុំឱ្យឆ្លងជំងឺមកខ្លួនយើងនិងគ្រួសារយើង។
ក្រៅពីប្រគល់ឯកសណ្ឋានឈុតខ្មៅ របស់ស្នងការនគរបាលរាជធានីចំនួន៨០ កំប្លេនោះរួចមក លោកវរសេនីយ៍ឯកយិន សាន អធិការខណ្ឌចំការមនក៏បានផ្តល់អាវចំនួន៨០អាវដល់កងកម្លាំងអធិការដ្ឋានខណ្ឌ និងតាមបណ្តាប៉ុស្តិ៍ទាំង៥រួមទាំងផ្នែកចរាចរណ៍និងអន្តរាគមន៍ខណ្ឌផងដែរ ៕
ដោយ៖ ជីណា