លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក KOO Yun Cheol, រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់អោយដឹងថា,
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក KOO Yun Cheol, រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ, នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សូមបញ្ជាក់ថា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចេញសេចក្តីជូនដំណឹង សម្រាប់ប្រព័ន្ធសារព័ត៌មាន ស្ដីពីជំនួបសម្តែងការគួរសម រវាង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក KOO Yun Cheol, រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ធាភិបាល។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា, នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក KOO Yun Cheol, រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួល គោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក KOO Yun Cheol, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ ដែលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) ក្នុងការរួម ចំណែកដល់សកម្មភាពអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិកូរ៉េ (KOICA) ជាភ្នាក់ងារអនុវត្ត ។ ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន, សាធារណរដ្ឋកូរ៉េបានផ្តល់ហិរញ្ញប្ប ទានឥតសំណងដល់កម្ពុជាប្រមាណជា ៤៣១ លាន ដុល្លារអាមេរិក ។ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិត ចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េបានផ្តល់ឥណទានសម្បទានដល់កម្ពុជា នូវទឹកប្រាក់សរុបប្រមាណ ជាង ១ ២១១ លាន ដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោង/ កម្មវិធីអភិវឌ្ឍន៍ចំនួន ២៦ គម្រោង ដែលសុទ្ធសឹងជាគម្រោងអាទិភាព ក្នុងការផ្តល់ឥណទានសម្បទានរបស់ខ្លួន ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ដែលបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៍សំខាន់ លំដាប់ទី ៣ ក្នុងការចូលរួមចំណែក ជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ។
ឆ្លៀតក្នុងឱកាសនេះ, លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ កូរ៉េ ដែលបានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយះកិច្ចសម្របសម្រួលក្របខណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ និងសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាសម្រេចទៅលើវិស័យ និងគម្រោងអាទិភាព ក្នុង ការប្រើប្រាស់កញ្ចប់ (Framework Arrangement-F/A) ថ្មីនេះ តាមរយះកិច្ចពិគ្រោះយោបល់កម្រិតគោល នយោបាយលើកទី៤ (4th Korea-Cambodia Integrated ODA Policy Dialogue) ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខ ។ ទន្ទឹមនេះ, លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលន សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉ (Cambodia-Korea Friendship Bridge) ដែលនឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។

ក្រៅពីឥណទានសម្បទានដែលទទួលបានពីភាគីមិត្តកូរ៉េ សម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នានានៅកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ ក៍បានមានប្រសាសន៍អំពីតម្រូវការវិនិយោគបន្ថែមរបស់កម្ពុជា ទៅលើវិស័យសំខាន់ៗដទៃទៀត រួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង, កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដែល ជាវិស័យដ៏មានសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ ជាងនេះទៀត, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistics) និងឌីជីថល ក៍បានក្លាយជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុក ។ ដូចច្នេះ, ការកៀរគរទុនវិនិយោគពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស

ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ ការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចកម្ពុជាផងដែរ ។

ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការ វិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េឱ្យមកបណ្តាក់ទុនច្រើនបន្ថែមទៀត ។

លោក KOO Yun Cheol បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺ កូវីដ-១៩ ជាពិសេស ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក ហើយលោកសូមជូនពរឱ្យកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២២ប្រកបដោយជោគជ័យ និង ដឹកនាំអាស៊ានឆ្ពោះទៅរកសុខសន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការកសាងសហគមន៍ អាស៊ាន ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់អាស៊ានក្នុងឆាកអន្តរជាតិ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ។

ជាទីបញ្ចប់, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក KOO Yun_Cheol និងគណៈប្រតិភូ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានឆ្លៀត ពេលវេលាដ៏មានតម្លៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរលោក KOO Yun Cheol និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អ, សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបាននូវជោគជ័យក្នុង គ្រប់ភារកិច្ច ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print