ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចលើកលែងការចោទប្រកាន់ពីបទសមគំនិតក្នុងបទផលិតគ្រឿង ញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧។
លោកអ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា លោកញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរសម្រេចលើកលែការចោទប្រកាន់ហើយ ហើយមានការបញ្ជាក់ថា មិនមានភស្តុតាងគ្រប់ គ្រាន់ដើម្បីដាក់បន្ទុកលើគាត់ទេ។ ដីកាសម្រេចលើកលែងការចោទប្រកាន់លោកញឹក ប៊ុនឆៃ ចេញដោយលោករស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
គួរបញ្ជាក់ថា លោកញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ២០១៧ ជាប់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅយប់ទី៣០ ខែមេសា ឆ្នាំ២០១៨ លោកញឹក ប៊ុនឆៃ ត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ៕
ដោយ៖ សូរិយា