ខេត្តស្ទឹងត្រែង៖ ឈ្មោះបុរីអូរស្វាយនេះត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ត ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមសីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ នៅដើមទសវត្សរ៍ទី៦០ដើម្បីការពារព្រំដែនប្រទេសកម្ពុជាពីការឈ្លានពានរបស់ប្រទេសជិតខាង។ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានប្រកាសឱ្យកេណ្ឌប្រជាពលរដ្ឋខ្មែរដែលគ្មានដីធ្លីផ្ទះសម្បែងនៅតាមបណ្តាខេត្តក្រោមៗនៃរាជធានីភ្នំពេញឱ្យទៅរស់នៅបង្កបង្កើនផលនៅទីនោះ។ ជាការលើកទឹកចិត្តនិងដើម្បីជាការចាប់ផ្តើមជីវិតថ្មី ព្រះអង្គក៏បានប្រគល់ដីឱ្យពលរដ្ឋមួយគ្រួសារ៥ហិកតា ព្រះអង្គបានសង់
ផ្ទះនិងផ្ដល់សត្វគោនិងក្របីឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គក៏បានកសាងសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល មន្ទីរកសិកម្ម និងវត្តអារាមនៅទីនោះ ដែលនៅមិនឆ្ងាយពីព្រំដែនកម្ពុជា- ឡាវនោះប៉ុន្មាននោះទេ។
ឃុំអូរស្វាយ ឬអតីតបុរីអូរស្វាយស្ថិតនៅចម្ងាយពីទីរួមខេត្តស្ទឹងត្រែងមានចម្ងាយជាង៦០គីឡូម៉ែត្រដល់ព្រំដែនដុងក្រឡជាប់គ្នានឹងប្រទេសឡាវ ហើយប្រហែល៦គីឡូម៉ែត្រប៉ុណ្ណោះពីច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ដុងក្រឡ ចូលមកបុរីអូរស្វាយសែនជ័យ ហើយមានចម្ងាយប្រមាណ១២គីឡូម៉ែត្រ ដល់បុរីអូរស្វាយយើងនឹងឃើញហេដ្ឋារចនាសម្ព័ន្ធរីកគ្រប់វិស័យដោយស្នាព្រះហស្តរបស់សម្តេចព្រះនរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ដែលបានកសាង ឡើងនាទសវត្សរ៍៦០ មានដូចជាផ្លូវ ស្ពានលូ ប្រព័ន្ធទឹកស្អាត ផ្លូវភ្លោះ សួនច្បារ ស្រះស្រង់ រង្គសាល អាងទឹក និងភ្លើងចម្រុះពណ៌នាសម័យនោះ ដែលតភ្ជាប់ពីទីរួមខេត្តស្ទឹងត្រែងទៅព្រំដែនប្រទេសឡាវ ដោយធ្វើដំណើរចេញពីផ្លូវជាតិនេះកាត់តាមបណ្ដោយផ្លូវលំនិងកន្លែងខ្លះមានក្រាលក្រួសក្រហមដែរនោះគេនឹងឃើញភូមិមួយនៅជាប់ទន្លេមេគង្គ ដែលទីនោះហើយគឺជាអតីតបុរីអូរស្វាយ។ អតីតបុរីអូរស្វាយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ តាមរយៈផែនការ៥ឆ្នាំរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋបានបន្សល់់ទុកមកដល់សព្វថ្ងៃ។
អ្វីដែលធ្វើឱ្យសោកស្តាយនូវសមិទ្ធផលនានាដែលមាននាសម័យនោះ ដែលទីកន្លែងនោះជិតបានក្លាយជាក្រុងមួយដ៏ស្រស់ត្រកាលទៅហើយនៅជាប់គ្នាជាមួយព្រំដែនឡាវ និងកម្ពុជាយើង។ ប៉ុន្តែក្រោយមករបបប៉ុលពតដែលជារបបប្រល័យពូជសាសន៍ឯង ដែលធ្វើឱ្យប្រជាពលរដ្ឋយើងចងចាំមិនភ្លេចនិងស្អប់ខ្ពើមបំផុតបានចូលមកកាប់សម្លាប់យ៉ាងរង្គាលធ្វើឱ្យបែកបាក់បងប្អូន ឪពុកម្តាយព្រាត់កូនជាទីស្រលាញ់ បងព្រាត់ប្អូន ហើយមិនតែប៉ុណ្ណោះពួកវាបានវាយកម្ទេចបំផ្លិចបំផ្លាញនូវសមិទ្ធផលជាច្រើនធ្វើឱ្យខូចខាតគ្មានសល់ឡើយ។ ដូច្នេះទើបមកដល់ពេលនេះបុរីអូរស្វាយមួយនេះបានប្រែក្លាយមុខមាត់ថ្មីក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានកសាងពីបាតដៃទទេមកដល់ពេលនេះមានអ្វីៗគ្រប់យ៉ាង មានហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលគ្រប់វិស័យ។ បុរីអូរស្វាយ ពីមុនដែលធ្លាប់តែស្ងាត់ពេលនេះទៅជាស្រុកបុរីអូរស្វាយសែនជ័យដែលជាស្រុកទី៦ ហើយជាស្រុកពៅគេបង្អស់បង្កើតនៅឆ្នាំ២០១៩ ក្នុងខេត្តស្ទឹងត្រែងយើងនេះ។ ដែលបច្ចុប្បន្ននេះមានវត្តមានលោកលី មីណា ជាអភិបាលនៃគណៈអភិបាលស្រុក ដឹកនាំកសាងស្ថាបនា និងចាប់ផ្តើមសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធជាបណ្តើៗ ដូចជាដាក់ភ្លើងបំភ្លឺផ្លូវ សាងសង់ផ្លូវចាក់បេតុង ផ្លូវក្រាលកៅស៊ូ ចូលទីរួមស្រុក និងសាងសង់ស្ពានឆ្លងអូរ បានមួយចំនួនផងដែរ៕
ដោយ៖ មាស សុផាត