ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បត៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលអំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នីតិវិធីព្រហ្មទណ្ឌ,តួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៏ ដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីក្រោមអធិបតីភាព លោក អ៊ាង សុគន្ធ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី, លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
លោក ម៉ី ផល្លា នាយកកម្មវិធី អភិរក្ស តំបន់ការពារ ទេសភាពភាគខាងកើតនៃអង្គការ WWF, លោកឧត្តម សេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង នគរបាលខេត្ត មណ្ឌលគិរី, លោកវរ:សេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី,លោក លោកស្រី គ្រូឧទេសនាម មន្រ្តីឧទ្យានុរក្ស សិក្ខាកាម និងបុគ្គលិកអង្គការ WWF បុគ្គលិកជាតិ និងអន្តរជាតិ ដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីចែករំលែកមេរៀន និងបទពិសោធន៍ពីស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយ រាល់ចម្ងល់ទាំងឡាយដែលមន្រ្តីឧទ្យានុរក្ស ជួបប្រទះក្នុងពេលបំពេញភារកិច្ច និងកសាងភាពស្និតស្នាលរវាងស្ថាប័នជំនាញនិងស្ថាប័នតុលាការផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក កែវ សុភគ៌ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពីច្បាប់តំបន់ការពារធម្មជាតិ នីតិវិធីព្រហ្មទណ្ឌ តួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៏ និងភ្នាក់ងារនគរបាលយុត្តិធម៌នេះ ដល់មន្រ្តីឧទ្យានុរក្សក្នុងគោលបំណងបំពេញបន្ថែមនូវចំណេះដឹងអំពី៖
– តួនាទីភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ និងភ្នាក់ងារមន្រ្តីនគរបាលយុត្តិធម៌
– សិទ្ធស្របច្បាប់ក្នុងការកាពារខ្លួន ការឃាត់ខ្លួនជនសង្ស័យ និងការសួរចម្លើយប្រកបដោយ ប្រសិទ្ធភាព
– និងទទួលបានបទពិសោធន៍ល្អៗ ពីមន្រ្តីកងរាជអាវុធហត្ថ និងមន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ផងដែរ។
ជាទីបញ្ចប់លោក កែវ សុភគ៌ ក៏សូមថ្លែងអំណរគុណ ដល់អង្គការ WWF កម្ពុជា ដែលបានគាំទ្រដល់វគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសម្ថភាពដល់មន្រ្តីឧទ្យានុរក្សសម្រាប់អនុវត្តការងារក្នុងដែនជម្រករៀងៗខ្លួន៕