ភ្នំពេញ : នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃជំនួបរវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា, លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហបជាជាតិ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយ លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់មីយ៉ាន់ម៉ា អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាស៊ាន-អង្គការសហប្រជាជាតិក៏ ដូចជា រវាងប្រេសិតពិសេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅនៅទីស្តីការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១។ នេះគឺជា ជំនួបលើកទីពីរ បន្ទាប់ពីជំនួបលើកទី១ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១។
លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាប់ផ្តើមកិច្ចពិភាក្សាដោយជម្រាបជូនដៃគូ សន្ទនា របស់លោក អំពីសកម្មភាព ការប្រឈមនានា និងលទ្ធផលនៃជំនួបរបស់ លោក ជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងអំឡុងពេលទស្សនកិច្ចជាលើកដំបូងរបស់ លោកទៅកាន់ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ២០២២ ដោយផ្តោតជាសំខាន់ទៅលើអាទិភាព បន្ទាន់ចំនួន៣ រួមមាន ដំណើរឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា សម្របសម្រួលការចែកចាយជំនួយ មនុស្សធម៌ និងការកសាង ជំនឿទុកចិត្ត និងបង្កើតបរិយាកាសដើម្បីចាប់ផ្តើមកិច្ចសន្ទនាមួយ ប្រកបដោយបរិយាប័ន្ន និងស្ថាបនា ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោក ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ លោកត្រូវបាន ទទួល ស្វាគមន៍ជាទូទៅ និងត្រូវបានចាត់ទុកថាជាដំណើរឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដោយគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលពីរថ្ងៃនេះទេ ដំណើរទស្សនកិច្ច ឯកឧត្តមទទួលបានការយល់ដឹងពាក់ព័ន្ធជាច្រើន សម្រាប់ដំណើរឆ្ពោះទៅមុខ ក្នុងការបញ្ចប់អំពើហិង្សា ក្នុងការយល់ដឹងបន្ថែមទៀតអំពីហេតុផលនៅពីក្រោយភាពមិនដូចគ្នា នៃទស្សនៈ និងជំហរ ក្នុងចំណោមភាគីពាក់ព័ន្ធ ក៏ដូចជាតម្រូវការដើម្បីដោះស្រាយឧបសគ្គ នានា | ការចែកចាយជំនួយមនុស្សធម៌។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនានា ដោយ គូសបញ្ជាក់ថា តួអង្គនយោបាយខុសៗគ្នានៃប្រទេសមីយ៉ាន់ម៉ា នៅមិនទាន់បានត្រៀមខ្លួន រួចរាល់សម្រាប់កិច្ចពិភាក្សានោះទេ និងនៅតែមានការតាំងចិត្តយ៉ាងមុតមាំក្នុងការបន្តការតស៊ូ របស់ពួកគេ នៅគ្រប់ទម្រង់ ជាពិសេសតាមរយៈការតស៊ូប្រដាប់អាវុធ។ លោកបានបន្តទៀតថា វាច្បាស់ណាស់ ថា គ្មានដំណោះស្រាយភ្លាមៗចំពោះបញ្ហាដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុង ប្រទេស សង្គម និងនៅក្នុងសតិអារម្មណ៍របស់ប្រជាជនមីយ៉ាន់ម៉ា នោះទេ។
លោក ប្រាក់ សុខុន បានជម្រាបជូន លោកស្រីបណ្ឌិត Heyzer អំពីជំហានចំនួន៣នៃការងារ នាពេលបន្ទាប់របស់លោក ក្នុងនាមជាប្រេសិតពិសេស។ ទីមួយ ការត្រៀមរៀបចំកិច្ចប្រជុំ ពិគ្រោះ យោបល់អំពីជំនួយមនុស្សធម៌ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការផ្លាស់ ប្តូរទស្សនៈ ជាមួយភាគីផ្សេងៗលើរបៀបក្នុងការចែកចាយជំនួយមនុស្សធម៌ប្រកបដោយ ប្រសិទ្ធភាពឱ្យទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង។ លោកបាន បន្តថា ជំហានទីពីរ គឺអំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង និងទីបី អំពីដំណើរ ទស្សនកិច្ចជាលើកទី២របស់ ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Heyzer បានពិភាក្សាគ្នាយ៉ាង វែងអំពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌ និងការបង្កើតច្រករបៀងមនុស្ស ធម៌ ដើម្បីធានាដំណើរការផ្ដល់ជំនួយដោយរលូន និងសុវត្ថិភាព។ ក្នុងន័យនេះ លោកស្រីបណ្ឌិត ប្រេសិតពិសេសអង្គការសហប្រជាជាតិបានធានាចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីការគាំទ និងការចូលរួមយ៉ាងពេញលេញរបស់អង្គការសហប្រជាជាតិ។ ប្រេសិតពិសេសទាំងពីរក៏បានពិភាក្សា គ្នាផងដែរ អំពីតួនាទីរបស់ប្រទេសមួយចំនួនក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការ ស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។
ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិប្រេសិតទាំងពីរបានឯកភាពធ្វើការ រួមគ្នាក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឱ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី និងប្រេសិតអង្គការសហប្រជាជាតិ ក៏បាន ពិភាក្សាគ្នាផងដែរអំពីទម្រង់សហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដែលត្រូវអនុវត្ត ដោយអាស៊ាន
និងអង្គការសហប្រជាជាតិ និងដោយប្រេសិតពិសេសទាំងពីរ ក្នុងដំណើរការជា ជំហានៗ ដោយចាប់ផ្តើមពីការចែកចាយជំនួយមនុស្សធម៌ទៅ។
លោកស្រីបណ្ឌិត Heyzer បានទទួលស្គាល់នូវការលំបាកនានាដែលកម្ពុជាកំពុងប្រឈមក្នុង នាមជាប្រធានអាស៊ានបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបើកផ្លូវ សម្រាប់ដំណើរការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា៕
ដោយ : សុខ ខេមរា