ខេត្តឧត្តរមានជ័យ៖ សត្វខ្ទីង១ក្បាលដែលដើរចូលក្នុងចម្ការដំឡូងអ្នកភូមិហើយដេញវ័ធម្ចាស់ចម្ការប្រុសស្រី៣នាក់ឱ្យរងរបួសធ្ងន់និងស្រាលនោះ ពេលនេះត្រូវបានក្រុមការងារជំនាញរបស់អភិរក្ស ប្រាសាទព្រៃគុកមកទាក់បានហើយខណៈដែលមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរ យាមកាមការពារអស់រយៈពេល១យប់១ថ្ងៃមក។
ក្រោយធ្វើសកម្មភាពដេញវ័ធកសិករទាំង៣នាក់បណ្តាលឱ្យរងរបួសធ្ងន់ស្រាលមក ជនរងគ្រោះទាំងនោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្ត ចំណែកសត្វខ្ទីងនោះក៏ដើរចូលព្រៃក្បែរនោះពួនសម្ងំលាក់ខ្លួនបាត់ទៅ។ ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិសិទ្ធសេរី ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ជនរងគ្រោះប្រុសស្រី៣នាក់នោះមានប្រុស២នាក់ ស្រី១ម្នាក់ ពួកគាត់ជាកសិករធ្វើចម្ការដំឡូងនៅចំណុចកើតហេតុខាងលើ ព្រោះតែពួកគាត់មិនស្គាល់សត្វខ្ទីងនោះទេ ស្មានតែសត្វក្របីក៏បានរត់ទៅដេញកំុឲ្យចូលចម្ការស៉ីដំឡូងពួកគាត់។ តែពេលនោះសត្វខ្ទីងនោះមិនខ្លាចបែរជាដេញវ័ធពួកគាត់ទាំង៣នាក់បណ្តាលឱ្យរងរបួសធ្ងន់និងស្រាលទាំង៣នាក់តែម្តង ខណ:រត់ទៅជួយគ្នា បច្ចុប្បន្នត្រូវបានបញ្ជូនយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
លោកអាន សាមិត្ត អភិបាលរងស្រុកបន្ទាយអំពិល រួមទាំងកម្លាំងមន្ត្រីអភិរក្សមន្ទីរបរិស្ថានខេត្ត, កម្លាំងសឹករងបន្ទាយអំពិល និងកម្លាំងអធិការដ្ឋាននគរបាលស្រុក បានហ៊ុមព័ទ្ធឃ្លាំចាំមើលសត្វខ្ទីង១ក្បាលនោះដែលធ្វើឱ្យមនុស្ស៣នាក់រងរបួស ហើយសមត្ថកិច្ចនិងមន្ត្រីទាំងនោះបានយាមកាមដោយមានការប្រុងប្រយ័ត្នខ្ពស់។ បច្ចុប្បន្នសត្វខ្ទីងនោះបានសំងំនៅក្នុងព្រៃមួយកន្លែងជាប់ចម្ការដំឡូងអ្នកភូមិ ក្រោយពីធ្វើសកម្មភាពដេញវ័ធប្រជាពលរដ្ឋ៣នាក់ឲ្យរងរបួសហើយនោះ ពេលនេះត្រូវបានក្រុមការងារជំនាញអភិរក្សសួនសត្វមកទាក់បានហើយ ៗបានយកទៅដាក់ក្នុងសួនសត្វប្រាសាទព្រៃគុក៕