នៅថ្ងៃទី១ ខែមេសា សិង្ហបុរី បានសម្រេចបើកព្រំដែនទាំងស្រុងឡើងវិញសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្រោយរយៈពេល២ឆ្នាំបិទទ្វារ។ អ្នកទេសចរឱ្យតែចាក់វ៉ាក់សាំងរួចរាល់គឺអាចចូលក្នុងទឹកដីសិង្ហបុរីបានហើយឱ្យតែធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។
ជាមួយគ្នានេះដែរប្រទេសជិតខាងម៉ាឡេស៊ី ក៏បានបើកទ្វារព្រំដែនទាំងស្រុងឡើងវិញផងដែរ។ រថយន្តជាច្រើនបានឈប់បន្តកន្ទុយគ្នាជាង១គីឡូម៉ែត្ររង់ចាំចូលក្នុងប្រទេសម៉ាឡេសុី។
ក្នុងថ្ងៃទី១ខែមេសានេះដែរ កូរ៉េខាងត្បូងកាលពីថ្ងៃសុក្របានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយច្បាប់រក្សាគម្លាតសង្គមរបស់ខ្លួនបន្ថែមទៀតនៅសប្តាហ៍ក្រោយ ហើយអាចនឹងលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩មួយចំនួនទៀតនៅចុងខែនេះ រួមទាំងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Kwon Deok-cheol បាននិយាយថា «ចាប់ពីថ្ងៃទី០៤ ខែមេសាតទៅ អាហារដ្ឋានរួមទាំងអាជីវកម្មផ្សេងទៀតនឹងអាចបន្តឱ្យបើកដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រ ខណៈដែលកន្លងមកបានត្រឹមម៉ោង១១យប់ ហើយការជួបជុំជាលក្ខណៈឯកជន អាចអនុញ្ញាឱ្យមានចំនួនមនុស្សដល់១០នាក់។ រដ្ឋាភិបាលនឹងពិចារណាការដកការរឹតបន្តឹង ថែមទៀត ប្រសិនបើករណីឆ្លងប្រចាំថ្ងៃបន្តធ្លាក់ចុះ ហើយប្រព័ន្ធវេជ្ជសាស្ត្រសម្រាប់ទទួលបន្ទុកលើអ្នកជំងឺធ្ងន់ធ្ងរ អាចគ្រប់គ្រងបាន ដោយមានស្ថិរភាពក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
សម្រាប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងកូវីដ១៩ ចំនួន២៨០,២៧៣នាក់ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ចំនួន១៣,៣៧៥,៨១៨នាក់ ដោយមានអ្នកស្លាប់១៦,៥៩០នាក់។ ជិត៨៧ភាគរយនៃប្រជាជនកូរ៉េខាងត្បូង៥២លាននាក់ទទួលបានការចាក់វ៉ាក់សាំងពេញលេញ ខណៈ៦៤ភាគរយបានចាក់ដូសជំរុញហើយ៕ ដោយធីរីណា