កម្ពុជា​ ចង់សហការជាមួយឥណ្ឌា រៀបចំព្រឹត្តិការណ៍«លំអានអរិយធម៌» ដើម្បីផ្សព្វផ្សាយពីទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាបានស្នើទៅកាន់ស្ថានទូតឥណ្ឌា ពិនិត្យលើលទ្ធភាពរៀបចំឡើងវិញនូវព្រឹត្តិការណ៍ «លំអានអរិយធម៌ Trail of Civilization» ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ទៅកាន់ក្រុមអ្នកទេសចរដែលនិយមដំណើរទេសចរណ៍ ផ្សារភ្ជាប់ជាមួយសាសនា។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​សៅរ៍​ទី​០២​ ខែមេសា​ ឆ្នាំ​២០២២។

ប្រទេសទាំងពីរ និងប្រទេសដទៃទៀត ក៏ធ្លាប់បានសហការរៀបចំព្រឹត្តិការណ៍នេះ ដោយជោគជ័យរួចមកហើយកាលពីឆ្នាំ២០១១ ប៉ុន្តែក៏បានផ្អាកទៅវិញ។

គោលបំណងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើទៅកាន់លោកស្រី ទេវ្យានី ខូប្រាហ្កាដេ ពិនិត្យលើលទ្ធភាពរៀបចំឡើងវិញនូវព្រឹត្តិការណ៍លំអានអរិយធម៌ (Trail of Civilization) ដែលធ្លាប់បានសហការរៀបចំដោយជោគជ័យនាពេលកន្លងមក។ កាលណោះ ប្រទេសឥណ្ឌា និងបណ្ដាប្រទេសមួយចំនួន នៅតំបន់អាស៊ាន ដូចជាកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌាណេស៉ីជាដើម គឺបានសហការគ្នារៀបចំព្រឹត្តិការណ៍លំអានអរិយធម៌នេះ ប៉ុន្តែក៏បានផ្អាកទៅវិញ។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះដែរ គឺដើម្បីលើកកម្ពស់វិស័យវប្បធម៌ ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍បែបសាសនា និងគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដូចជា រមណីយដ្ឋានអង្គររបស់កម្ពុជា តំបន់ប្រាសាទបាហ្កានរបស់មីយ៉ាន់ម៉ា ប្រាសាទបុរោពុទ្ធោ (Borobudur) របស់ឥណ្ឌូណេស៉ីជាដើម។ ក្រៅពីនោះក៏ផ្ដោតលើការផ្សព្វផ្សាយពុទ្ធសាសនាផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន ខាងលើនេះ និងបានស្នើសុំឱ្យក្រុមការងារក្រសួងទេសចរណ៍ផ្ដល់ឯកសារទស្សនទាន (Concep note) ដើម្បីឱ្យស្ថានទូតឥណ្ឌារៀបចំបញ្ជាក់បន្ថែមទៅដល់ក្រសួងការបរទេសឥណ្ឌា និងភាគីពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ លោកស្រីជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះនឹងអាចធ្វើទៅបាន។

សូមជម្រាបថា កន្លងមក ស្ថានទូតឥណ្ឌាមានគម្រោងច្រើនដែលសហការជាមួយក្រសួងទេសចរណ៍ ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់អ្នកបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍ពីគ្នាទៅវិញទៅមក ការចូលរួមពិព័រណ៍ទេសចរណ៍ វប្បធម៌ កីឡា ដូចជាទិវាអន្តរជាតិយោគៈជាដើម ហើយនាពេលបន្តទៅមុខនេះទៀត ឥណ្ឌាក៏នឹងចូលរួមអនុវត្តគម្រោងដែលមានឥទ្ធិពលលឿន (Quick Impact Project) ចំនួន៣ទៀតជាមួយក្រសួងទេសចរណ៍កម្ពុជា គឺនៅតំបន់សត្វស្លាបបឹងស្នេហ៍ ខេត្តព្រៃវែង តំបន់អេកូទេសចរណ៍ផាត់សណ្តាយ ខេត្តកំពង់ធំ រួមជាមួយការរៀបចំកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីលើកកម្ពស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសកម្ពុជាផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print