លោកអភិបាលខេត្តព្រៃវែង និងភរិយា បានរៀបចំពិធីបង្សុកូល និងសូត្រមន្តដើម្បីដំឡើងរាសី និងទទួលសិរីមង្គល វិបុលសុខគ្រប់ប្រការកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល

ចែករំលែក៖

ខេត្តព្រៃវែង : ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងភរិយា ព្រមទាំងក្រុមគ្រួសាររួមជាមួយ លោក លោកស្រី ជាសាច់សារលោហិត បានរៀបចំពិធីបង្សុកូល និងសូត្រមន្តដើម្បីដំឡើងរាសី និងទទួលសិរីមង្គល វិបុលសុខគ្រប់ប្រការកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលប្រព្រឹត្តទៅនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ពិធីបុណ្យនេះ បាននិមន្តព្រះសង្ឃ ចំនួន១២អង្គ ក្នុងនោះ និមន្តមកពីភ្នំពេញចំនួន៤អង្គ មកពីខេត្តស្វាយរៀងចំនួន១អង្គ និងមកពីខេត្តព្រៃវែងចំនួន៧អង្គ ដើម្បីប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខ័ន្ឋ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាសុីម ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន និងញាតិការទាំង៧សណ្តាន។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា លោកស្រី អស់លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញចូលរួម និងចាប់មគ្គផលនាពេលនេះ ទទួលបានពរ ជ័យសព្វសាធុការដូចបំណងប្រាថ្នា។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ក៏សូមអំពាវនាវដល់បងប្អូនស្រឡាយខ្មែរ ចិនទាំងអស់ ដែលត្រូវរៀបចំសែនព្រេន ត្រូវអនុវត្តតាមវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងគ្រួសារ និងសហគមន៍។

សារជាថ្មីម្តងទៀត លោកអភិបាលខេត្ត សូមឧទិ្ទសកុលផលបុណ្យ ជូនដល់ក្រុមគ្រួសាររួមមាន លោក លោកស្រី ជាសាច់សារលោហិត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែងទាំងអស់ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេស ទទួលបានមគ្គផលបុណ្យនាពេលនេះ ដូចៗគ្នា ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print