ភ្នំពេញ : នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយ លោករដ្ឋលេខាធិការ ណៅ ធួក លោក អ៊ុង សំអាត លោក ហាស់ សារ៉េត លោកអនុរដ្ឋលេខាធិការ និងលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញមួយចំនួនទៀត បានអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផលដែលកំពុងបំពេញបេសកកម្មឈរជើងនៅតាមតំបន់សំខាន់ៗដែលបានកំណត់តាមស្មារតីនៃកិច្ចប្រជុំអន្តរ ក្រសួងកាលពីថ្ងៃទី២៦ ខែមីនាកន្លងមក និងចុះពិនិត្យស្ថានភាពបទល្មើសជលផលជាក់ស្តែង ក្នុងខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។
កម្មវិធីទី១ ៖
ធ្វើដំណើរដោយកាណូត ពីកំពង់លួង មកជ្រោយស្តី លោករដ្ឋមន្ត្រី និងសហការី បានអញ្ជើញចុះមកពិនិត្យទីតាំងបញ្ហាការដ្ឋានឈរជើងក្រុមអន្តរាគមន៍ជ្រោយស្គី (ខេត្តពោធិ៍សាត់)។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក ម៉ៅ ពៅ ប្រធានក្រុមអន្តរាគមន៍រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូលះបង់របស់សមាជិកក្រុមអន្តរាគមន៍ទាំងអស់ដែលកំពុងបំពេញបេសកកម្មជូនជាតិ និងប្រជាជនក្នុងបុព្វហេតុការពារធនធានធម្មជាតិ (មច្ចជាតិ និងព្រៃលិចទឹក) និងសហការ បង្រ្គាបបទល្មើសជលផលក្នុងបឹង ទន្លេសាប។ សកម្មភាពនេះ បានបង្ហាញពីសុឆន្ទ:ពុះពារ ជំនះរាល់ឧបសគ្គអនុវត្តឲ្យទទួលបានជោគជ័យនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមីនាកន្លងមក។ យកពេលជួបសំណេះសំណាល លោកបានផ្តាំផ្ញើឲ្យក្រុមកំលាំងអន្តរាគមន៍ ថែរក្សាឲ្យបាននូវសុខភាព បរិភោគអាហារសុវត្ថិភាព និងទទួលទានទឹកស្អាត ដើម្បីចៀសវាងបញ្ហាប្រឈមនឹងសុខភាព។ គួរដាក់វេនធ្វើការល្បាត ជាប់ជាប្រចាំនៅតាមតំបន់ការពារ និងតំបន់អភិរក្សរបស់រដ្ឋបាលជលផល។ រាល់ឧបករណ៍ដែលអាចយកមកប្រើប្រាស់ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស និងឧបករណ៍ល្មើសផ្សេងៗ គួរតែរឹបអូស រួចបំផ្លាញចោល និងជំរុញការផ្សព្វផ្សាយបន្ថែមទៀត។ រដ្ឋបាលជលផល ជួយពិនិត្យលើការផ្គត់ផ្គង់ស្បៀងប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់ រួមទាំងថ្នាំសង្កូវផងដែរ។ លោករដ្ឋមន្ត្រីបានស្នើសុំឲ្យគណ:បញ្ជាការកងឯកភាពខេត្តនៃខេត្តគោលដៅទាំង៦ មេត្តាជួយពង្រឹង ការងារបង្គ្រាបបទល្មើសជលផលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។ លោកបានលើកទឹកចិត្តដល់កងកំលាំងអន្តរាគមន៍ និងមន្រ្តីរដ្ឋបាលជលផលមេត្តាបន្តពង្រឹងកិច្ចសហការឲ្យកាន់តែរឹងមាំទាំងកាយ និងចិត្តដើម្បីសម្រេចឲ្យបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។ ឆ្លៀតយកឱកាសនេះ នៅចំពោះមុខកងកំលាំងអន្តរាគមន៍ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នាយឧត្តមសេនីយ៍ សៅ សុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន និង លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់កិច្ចសហការគ្រប់បែបយ៉ាងធ្វើឲ្យបេសកកម្មដែលកំពុងតែមានសកម្មភាពយ៉ាងសស្រាក់សស្រាំងនឹងទទួលបានជោគជ័យ។
ក្នុងឱកាសនេះចុះសួរសុខទុក្ខកងកំលាំងអន្តរាគមន៍នេះ លោករដ្ឋមន្ត្រីបាននាំយកស្បៀងមួយចំនួនសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃមកជូន និងប្រេងចំនួន ១០០០លីត្រ និងថវិកាចំនួន៥ លានរៀលក្នុងមួយគោលដៅ ផងដែរ ៕