រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីណែនាំ ស្តីពី ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង : នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាថ្ងៃចូលឆ្នាំថ្មី (ទទួលទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី) -ថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃវ័នបត ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃចប់ដោយបរិបូរណ៍ ចូលឆ្នាំខាល ចត្វាស័ក តរៀងទៅ។

ដើម្បីរៀបចំពិធីបុណ្យឱ្យស្របតាមប្រពៃណី ទំនៀបទម្លាប់ជាតិ និងអនុវត្តតាមវិធានការសុខាភិបាល និង វិធានការរដ្ឋបាលរបស់អាជ្ញាធរដែនដី សំដៅបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋបាបខត្តកំពង់ឆ្នាំង សូមណែនាំ ដល់លោកឧត្ដមសេនីយ៍ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ សាលារៀន វត្តអារាម ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន អង្គការសង្គមស៊ីវិលជាតិ-អន្តរ ជាតិ សមាគម ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ចូលរួមសហការ និងអនុវត្ត ដូចខាងក្រោម ៖

១- គ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ សាលារៀន វត្តអារាម ត្រូវរៀបចំតាំង ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ករុណា “ព្រះបរមសនៈកោដ្ឋ” និងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អដោយកំណាត់បូ បំភ្លឺ ភ្លើងពណ៌ រៀបចំផ្លែឈើ ផ្កាភ្ញី រណ្តាប់ទទួលទេវតាឆ្នាំថ្មី និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ឱ្យបានស័ក្តិសម និងណែនាំប្រជាពលរដ្ឋ ឱ្យលើកទង់ជាតិតាមគ្រប់គេហដ្ឋាន។

២- ម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជន មណ្ឌលកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ សមាគម ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ត្រូវតុបតែង លម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងដុតគោម បំភ្លឺភ្លើងពណ៌ ដើម្បីអបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

៣- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជួយសម្រួលចរាចរណ៍ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងបង្កលក្ខណៈល្អប្រសើរ តាមមណ្ឌលកម្សាន្ត រមណីយដ្ឋាននានាជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមកម្សាន្តសប្បាយ។ រដ្ឋបាលខេត្ត ដោយមាន កិច្ចសហការជាមួយមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរធម្មការ និងសាសនា ខេត្ត ត្រូវរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅសួនឃ្លាំង និងសួនសម្ដេចចៅហ្វាវាំង។ រដ្ឋបាលស្រុក និងឃុំនីមួយៗ ត្រូវ ចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ តាមមណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ឬទីតាំងណា ដែលសមគួរនៅគ្រប់មូលដ្ឋាន ហើយជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់។ ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែល នាំឱ្យមានគ្រោះអគ្គីភ័យ។ ត្រូវចាត់តាំងរៀបចំពិធីបុណ្យសាសនាតាមវត្តអារាម និងពិធីបង្សុកូលឧទ្ទិសកុសស ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅកន្លែង ដែលបានតម្កល់អដ្ឋិធាតុតាមបូជនីយដ្ឋាន ស្តូប និងវត្តអារាមនានា។ ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបាន ខ្ជាប់ខ្ជួន គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃនិងសាប៊ូ អាល់កុល ឬដែល និងរក្សាគម្លាតសុវត្ថិភាព។

៤- គ្រប់មន្ទីរ អង្គភាពទាំងអស់ ត្រូវចាត់តាំងដឹកនាំមន្ត្រីរាជការតាមចំនួនសមស្រប ចូលរួមកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ទាំងពីរទីតាំង និងម្ចាស់ការផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ ជូនមន្ត្រីរបស់ខ្លួនឱ្យបានសមស្របតាមពេលវេលា ដែលបានកំណត់ជូនក្នុងថ្ងៃនីមួយៗ។

៥- ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ត្រូវចាត់តាំងមន្ត្រីប្រចាំការនៅតាមមន្ទីរ អង្គភាព និងសាលាក្រុង ស្រុកសាមី ដើម្បីសហការទំនាក់ទំនង និងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ការ និងទប់ស្កាត់នូវរាល់សភាពការណ៍ ដែលអាចកើតមានជាយថាហេតុ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

៦- មន្ទីរព័ត៌មានខេត្ត ត្រូវចាត់ចែងមន្ត្រីចុះយកព័ត៌មាន និងថតរូបភាព ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពសង្ក្រាន្ត ឆ្នាំថ្មី និងការកម្សាន្តសប្បាយរីករាយ នាឱកាសបុណ្យចូលឆ្នាំថ្មីក្នុងទឹកដីខេត្តកំពង់ឆ្នាំង៕

...

ប្រភព៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print