ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០២២នេះថា៖ ករណីបង្រ្កាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសាម្សិលមិញនេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២៤នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមជនសង្ស័យទាំង២៤នាក់នោះមាន៖ ១២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ១២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៤ករណី។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន៕ដោយ៖សហការី