ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវសរុបមានចំនួន ២១២,៨៣៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៩,១១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៣,៧២៣នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០២២។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣១,៧២៣នាក់
* រាជធានីភ្នំពេញ ២៧,៨៥០នាក់
* ខេត្តកំពត ២៥,៥៦៤នាក់
* ខេត្តបាត់ដំបង ២៣,២១៧នាក់
* ខេត្តសៀមរាប ២១,៦១៥នាក់
* ខេត្តកែប ១៦,៣៨២ នាក់
* ខេត្តពោធិ៍សាត់ ១២,៩៦៨នាក់
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានសន្ទុះកើនឡើងវិញបន្តិច បន្ទាប់ពីមានការថមថយនា២សប្តាហ៍ចុងក្រោយនេះ ដែលជះឥទ្ធិពល ពីការកើនឡើងតំលៃប្រេងសាំង។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ៣,១% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ទន្ទឹមនឹងនេះនាចុងសប្តាហ៍នេះ ពិសេសថ្ងៃអាទិត្យនេះមានប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានចេញធ្វើដំណើរទៅស្រុកកំណើត ដើម្បីធ្វើពិធីសែនឆេងម៉េង ដែលបានចរាចរណ៍នាតាមដង ផ្លូវជាតិមួយចំនួនមានការកកកុញតាំងពីព្រឹកព្រលឹម។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា នៅបណ្តារាជធានីខេត្ត បាននឹងកំពុងពន្លឿនការរៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរ និងកម្សាន្តសប្បាយនាពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខាងមុខ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍ ក៏បានដាក់ចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍ ឲ្យខិតខំសហការជាមួយរដ្ឋបាលរាជធានីខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះផងដែរ៕ដោយ៖អារុណរះ