ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវតីវ័យ១៧ឆ្នាំម្នាក់ដឹងខ្លួនថាដើរលើផ្លូវខុសធ្វើឱ្យអ្នកផ្ទះពិបាកចិត្ត និងស្តីបន្ទោសនាងរហូតឈានដល់ចង់កាត់កាល់នាងចោលទៀត លុះពេលនាងភ្ញាក់ដឹងខ្លួនចង់កែប្រែកំហុសគឺគ្រួសាររបស់នាងមិនសូវខ្វាយខ្វល់ពីនាងឡើយ ធ្វើឱ្យនាងស្មុគស្មាញក្នុងចិត្តគិតអ្វីមិនចេញក៏សម្រេចចិត្តមកអង្គុយយំលើស្ពានជ្រោយចង្វា និងមានបំណងចង់បញ្ចប់ជីវិតខ្លួនឯងដើម្បីលុបលាងកំហុស។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។
បើតាមប្រភពពីយុវតីខាងលើបានប្រាប់ឱ្យដឹងថា រូបនាងមានឈ្មោះ អាម៉ី អាយុ១៧ឆ្នាំ ជាកូនទីពីរក្នុងគ្រួសារនៅក្នុងចំណោមបងប្អូនបួននាក់ និងសុំមិនបញ្ជាក់ប្រាប់កន្លែងស្នាក់នៅនោះទេ បានរៀបរាប់ពីដំណើររឿងឱ្យដឹងថា រូបនាងធ្វើឱ្យគ្រួសារពិបាកចិត្តច្រើន ដោយសារតែនាងចូលចិត្តដើរលេងតាមមិត្តភក្ដិ ភ្លេចការសិក្សារហូតបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ប៉ុណ្ណោះ ។
យុវតីរូបនេះបន្តថា ជារៀងរាល់ថ្ងៃអ្នកម្តាយនាងក៏ដូចជាបងប្អូនតែងតែស្តីបន្ទោសឱ្យនាងរហូត តែនាងហាក់មិនខ្វាយខ្វល់ពីសម្តីណែនាំរបស់ពួកគាត់ទេ ព្រោះគិតថា នាងធំហើយ អាចធ្វើអ្វីតាមចិត្តខ្លួនឯងចង់បាន តែការគិតនេះគឺខុសស្រឡះ ព្រោះនាងកាន់តែធ្វើឱ្យគ្រួសារពិបាកចិត្តជាមួយនាងទ្វេដង។
យុវតីរូបនេះបន្តទៀតថា នៅយប់កើតហេតុនោះម្តាយរបស់នាងបានស្តីបន្ទោសឱ្យនាងរឿងដើរលេងដាច់យប់ មិនចូលផ្ទះសម្បែង និងប្រកាសកាត់កាល់នាងជាកូនចោលទៀត បើនាងនៅតែបន្តធ្វើបែបនេះ ។ ពេលឮសម្តីអ្នកម្តាយពោលពាក្យបែបនេះធ្វើឱ្យនាងភ្ញាក់ខ្លួន និងស្មុគស្មាញគំនិតគិតអ្វីមិនចេញ ក៏សម្រេចចិត្តមកអង្គុយយំលើស្ពានជ្រោយចង្វា និងមានគំនិតចង់លោតទឹកបញ្ចប់ជីវិតដើម្បីលុបលាងទោសកំហុសទៀតផង ។ ប៉ុន្តែដោយសារភាពស្ទាក់ស្ទើរក្នុងចិត្ត យុវតីខាងលើត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះប្រទះឃើញក៏ជួយឃាត់ហើយនាំនាងទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា រួចទាក់ទងហៅសាច់ញាតិមកទទួល ក្រោមការសម្របសម្រួលរបស់សមត្ថកិច្ច ដើម្បីឱ្យយុវតីខាងលើមានឱកាសបានកែប្រែខ្លួនជាថ្មី ៕
ដោយ៖ និន សុភ័ស្ត