ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ បន្តនិរន្តរភាពនៃកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ដោយបានចុះប្រតិបត្តិការត្រួតពិនិត្យទំនិញឧបភោគបរិភោគ ទំនិញវេចខ្ចប់ស្រេចនានា ដើម្បីស្វែងរកនិងដកហូតទំនិញពុំមានប្រក្រតីភាព ទំនិញខូចគុណភាព មានវត្តមានសារធាតុគីមី ដកចេញពីទីផ្សារនានា ដែលស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការនាថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២២ មន្ត្រីជំនាញ បានធ្វើតេស្តបឋមស្វែងរកសារធាតុគីមីលើប្រភេទបន្លែ ត្រី សាច់ គ្រឿងសមុទ្រ សរុបចំនួន៨គំរូ ដោយជាលទ្ធផលពុំបានរកឃើញមានបញ្ហានោះទេ ដោយឡែកបានរកឃើញនិងដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៤៤.៥គីឡូក្រាម និងបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានចេតនាដាក់តាំងលក់ទំនិញមិនមានអនុលោមភាពផងដែរ។
ជាមួយគ្នានោះ ដើម្បីការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សាសមធម៌ក្នុងទីផ្សារ និងអនុវត្តច្បាប់ មន្ត្រី ក.ប.ប. បន្តនាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ធ្វើអធិការកិច្ចលើអនុលោមភាពក្នុងអាជីវកម្មប្រេងឥន្ធនៈ។
ជាក់ស្ដែងចាប់ពីថ្ងៃទី២ និងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន៣ តាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈនានាស្ថិតក្នុងស្រុកបរិបូរណ៏និងស្រុកទឹកផុស និងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមន្ត្រីយើងបានត្រួតពិនិត្យសរុបចំនួន ១២ស្ថានីយ ដេប៉ូ។
ទន្ទឹមនឹងការរកឃើញភាពមិនអនុលោម ដែលអាជីវករមានចេតនាកេងចំណេញពីប្រជាពលរដ្ឋ មន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍សម្រាប់បទល្មើសលើកទីមួយលើម្ចាស់ដេប៉ូទាំងនោះ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕
ដោយ៖សហការី