នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានប្រកាសកាលពីថ្ងៃទី៤ខែមេសាថា ចាប់ពីថ្ងៃទី៩ ខែមេសាតទៅ រុស្ស៊ីនឹងតភ្ជាប់ជើងហោះហើរទៅកាន់៥២ប្រទេសនៅជុំវិញពិភពលោក ក្នុងពេលដែលប្រទេសរបស់លោកលុបចោលរាល់ការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩។
នាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ថា «ចាប់ពីថ្ងៃទី៤ខែមេសា រាល់ការរឹតត្បិតកូវីដ-១៩ នឹងត្រូវលុបចោល ហើយជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមឡើងវិញជាមួយ ៥២ប្រទេសជុំវិញពិភពលោក ក្នុងនោះមានឥណ្ឌា អាហ្សង់ទីន អាហ្វ្រិកខាងត្បូងវៀតណាម…ជាដើម។ ប្រទេសទាំងនោះត្រូវបានរុស្ស៊ីចាត់ទុកថាជា ប្រទេសជិតស្និទ្ធ ដោយមិនបានចូលរួមដាក់ទណ្ឌកម្មរុស្ស៊ីនោះឡើយ។
ក្នុងចំណោមប្រទេសដែលបានហោះហើរចេញចូលរុស្ស៊ី មាន ១៥ប្រទេសនៅទ្វីបអាហ្វ្រិក ២៥ប្រទេសនៅទ្វីបអាស៊ី ៧ប្រទេសនៅទ្វីបអាមេរិក និង១ប្រទេសនៅអូសេអានី។
ជាមួយគ្នានេះដែររុស្ស៊ីក៏បានបិទទ្វារដែនអាកាសជាមួយ៣៦ប្រទេស ក្នុងនោះមានសហគមន៍អឺរ៉ុប ២៧ប្រទេស អាមេរិក កាណាដា អូស្ត្រាលី ជប៉ុន…៕ ដោយធីរីណា