រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យ លេងល្បែងបាញ់ទឹក ក្នុងឱកាសបុណ្យចូលឆ្នាំនេះទេ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤យកចិត្តទុកដាក់ណែនាំបន្តហាមដាច់ខាតមិនអនុញ្ញាតិឱ្យប្រជាពលរដ្ឋលេងល្បែងជះទឹកឬបាញ់ទឹក ដាក់គ្នានៅតាមផ្លូវសាធារ ណៈ តំបន់រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ឡើយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ  ដើម្បីបង្ការការពារការរីករាលដាល នៃជំងឺកូវីដ១៩ ខណៈជំងឺនេះមិនទាន់មានស្ថានភាពថមថយនៅឡើយទេ។

    លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងពេលលោកដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ខែមេសា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានីភ្នំពេញ។

      លោក បានណែនាំឱ្យកងកម្លំាងចម្រុះ ទប់ស្កាត់ឱ្យខាងតែបានករណីលេងល្បែងបាញ់ទឹកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងពេលខាងមុខនេះ ព្រោះវា ជាបញ្ហាប្រឈមមួយនាំឱ្យឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

  លោក អភិបាលបានបញ្ជាក់ទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបានចាប់ផ្តើម បន្ទាប់ពីបានអាកខានប្រារព្ធពិធីនេះឱ្យបានធំដំ អស់រយៈ២ឆ្នាំកន្លងមកហើយ ដោយសារជំងឺជាសាកលកូវីដ១៩។ ប៉ុន្តែសម្រាប់ឆ្នាំនេះក្រោមការប្តេជ្ញាចិត្តយ៉ាងមោះមុត ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសបើកឱ្យមានការរៀបចំពិធី បុណ្យចូលឆ្នាំថ្មី និងការរៀបចំកម្មវិធីសប្បាយៗនៅតាមទីវត្តអាររាម និងកន្លែងសាធារណៈឱ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពល រដ្ឋ។

    លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួល រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅទីតំាងតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅតាមវត្តទំាង១៥០ទូទំាងរាជធានីភ្នំពេញក៏ត្រូវរៀបចំកម្មវិធីទទួលទេវត្តាឆ្នាំថ្មី និងការរៀបចំកម្មវិធីកម្សាន្តសប្បាយមានរាំច្រៀង លេងល្បែងប្រជាប្រិយខ្មែរដើម្បីទទួលអំណរទេវត្តាឆ្នាំថ្មី។ 

 លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យ រដ្ឋបាលខណ្ឌនិងកងកម្លាំងចម្រុះត្រូវតែពង្រឹងវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ទីកន្លែង កម្សាន្តសប្បាយ ដើម្បីធ្វើយ៉ាងណាបង្កើនភាពកក់ក្តៅ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋដែលមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនិងគ្មានឧបសគ្គណាមួយមករំខានឡើយ។ ហើយបន្ថែមពីនេះទៀតត្រូវទប់ស្កាត់ឱ្យខាងតែបានការលែងល្បែងបាញ់ទឹក ដោយវាពុំមានជា ល្បែងប្រជាប្រិយខ្មែរឡើយ ហើយម្យ៉ាង ទៀតអាចឆ្លងជំងឺកូវីដ១៩ទៅតាមទឹកដែលបានបាញ់នោះ ។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំសោភ័ណភាព តុបតែងលម្អភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ ទីវត្តអារាដម និងនៅតំបន់រម្មណីដ្ឋានវត្តភ្នំ ដើម្បីធ្វើយ៉ាងណាឱ្យទីតំាងទំាងអស់នោះកាន់តែ មានសម្រស់ស្រស់ស្អាតនាពេលរាត្រី ជាទីក្រុងស៊ីវិល័យ ដែលទទួលស្វាគមន៍ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងឱកាសនោះដែរ លោក អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅថ្ងៃខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងរៀបចំការបោះឆ្ នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ តាមរយៈនេះទាមទាឱ្យគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើកការងារសន្តិសុខ ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខសណ្តាប់ធ្នាប់ឱកាសពេលបោះឆ្នោត។

   លោកបានបញ្ជាក់ថា ចាប់ ពីពេលនេះត្រូវគ្រប់ខណ្ឌទំាងត្រូវរឹតបណ្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជានៅតាមទីតំាងស្នាក់ការគណបក្សនានាដែលត្រូវមានកាតព្វកិច្ចការពារសន្តិសុខជូនពួកគាត់ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  ដើម្បីធ្វើយ៉ាងណាឱ្យ ដំណើរការ បោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន និងមានសុវត្ថិភាព។

    សូមបញ្ជាក់ថា៖  ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ នឹងត្រូវ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយរាំច្រៀងនិងការលេងល្បែងប្រជាប្រិយ បន្ទាប់ពីបានអាកខានរៀបចំចំនួន២ឆ្នាំមកហើយ៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print