(តពីលេខមុន)
នាពាក់កណ្ដាលរាត្រីនេះ ក្រៅពីមានសំឡេងសើចហ៊ោកញ្ច្រៀវសប្បាយយ៉ាងកងរំពងពីសំណាក់មនុស្សក្មេងចាស់ប្រុសស្រី ដែលរីករាយមិនទាន់អស់ចិត្តក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ គេនៅបានឮសំឡេងស្នូរកាំភ្លើងនៃកងទ័ពរំដោះដែលភាសាសាមញ្ញហៅថា “កងទ័ពខ្មែរក្រហម” បានបន្លឺឡើងកាន់តែកៀកក្រុងភ្នំពេញដ៏តូចរបស់យើង។ នេះជាសកម្មភាពវាយលុកនៅទូទាំងប្រទេសរបស់កងទ័ពអាវខ្មៅដើម្បីដណ្ដើមការកាន់កាប់គ្រប់គ្រងទឹកដីនិងប្រជាជនពីរដ្ឋាភិបាល លន់ នល់ឲ្យបាន 100 ភាគរយ គ្រាដែលកងទ័ពខ្មែរក្រហមគ្រប់គ្រងបានជាង ៧០% ទៅហើយនោះ ។ ចំណែកប្រជាជនរស់នៅក្រុងភ្នំពេញ កំពុងនាំគ្នាចូលទ្រនំនិន្រ្ទាជាបណ្ដើរៗ និងនាំមកនូវភាពរងា ភ័យផង អរផង ក្រោមជំនោរខែប្រាំងនាំមកកម្តៅភាយៗចូលតាមចន្លោះបង្អួចម្ដងៗ ។
រំលងបានប៉ុន្មានម៉ោងប៉ុណ្ណោះព្រះសូរិយា បានបញ្ចេញពន្លឺក្រហមព្រឿងៗ អើតក្បាលលឹមៗពីដែនពសុធានាទិសបូព៌ា បង្ហាញមនុស្សនិងសត្វលោកឲ្យដឹងថាថ្ងៃនេះជាថ្ងៃ ១៧ មេសាឆ្នាំ ១៩៧៥ មកដល់ហើយ។ បក្សាបក្សីចាប់ផ្ដើមស្រែកឆ្លើយឆ្លងគ្នា ប្រៀបបានជាការប្រគំតន្ត្រីយ៉ាងពីរោះក្នុងន័យដាស់គ្នាឱ្យចាកចោលទ្រនំដើម្បីចាកចេញទៅស្វែងរកចំណីអាហារប្រចាំថ្ងៃ។ សំឡេងផ្ទុះអាវុធប្រៀបបានលាជផ្ទុះនឹងឈានមកដល់កណ្ដាលក្រុងភ្នំពេញនាពេលបន្តិចទៀតនេះហើយ។ មែន! មិនទាន់ឈានដល់ម៉ោង ៩ ព្រឹក ស្រួលបួលផងគេសង្កេតឃើញកងទ័ពខ្មែរក្រហម ក្នុងសម្លៀកបំពាក់អាបខ្មៅ ខោខ្មៅ ជូតក្បាលក្រមាក្រឡាក្រហម-ខៀវ មានស្រីប្រុសដោយខ្លះមូលដៃអាវម្ខាងត្រឹមដៃនិងខ្លះទៀតមួយជើងខោម្ខាងត្រឹមក្បាលជង្គង់ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិគ្រប់ដៃ បានមានវត្តមាននៅកណ្ដាលទីក្រុងភ្នំពេញដូចស្រមោចនិងដូចក្អែកខ្មៅយ៉ាងមីរដេរដាស។ ពេលនោះ ក្រៅពីសំឡេងទះដៃសាទររបស់ប្រជាជនក្រុងភ្នំពេញនៅតាមដងវិថីនានា គេឃើញប្រជាជនក្មេងចាស់ប្រុសស្រី ឈររហង់នៅតាមមុខផ្ទះដោយបាននាំគ្នាស្រែកជ័យឃោស ជយោ! កងទ័ពរំដោះ! ជយោ! មាតុភូមិយើងបានរំដោះពីចក្រពត្តិអាមេ៉រិកហើយ។ នេះជាថ្ងៃជ័យជម្នះរបស់កងទ័ពខ្មែរក្រហមដែលប្រជាជនម្នាក់ម្នាក់សង្ឃឹមថា ស្រុកទេសយើងមានសន្តិភាព លែងហែកហួរគ្នានិងលែងកាប់សម្លាប់គ្នាតទៅទៀតហើយ ពោលគឺយើងនឹងបានសន្តិភាពពេញលេញយ៉ាងពិតប្រាកដ។ ក្នុងទិដ្ឋភាពភ័យផង អរផង ប្រជាជនម្នាក់ៗបានចោលកន្ទុយភ្នែកទៅកាន់ដងវិថីនានា ដែលមុននេះមួយថ្ងៃឬពីរថ្ងៃសម្បូរដោយយានយន្តគ្រប់ប្រភេទនិងមនុស្សម្នាធ្វើដំណើរឆ្លងកាត់កាត់ខ្វែងដូចស្រមោចតែពេលនេះបានក្លាយជាស្ងាត់ជ្រងំ។យូរៗម្ដង គេឃើញរថយន្តសៀមហ្ស៊ីបពណ៌ត្រេអ៊ី របស់កងទ័ពរំដោះដែលដណ្ដើមបានពីទាហានលន់ នល់ បើករេពេញផ្លូវ ហើយទាហានអាវខ្មៅស្រែកថា ” ពុកម៉ែបងប្អូន និងសមមិត្តទាំងអស់លែងមានទុកភ័យទៀតហើយ កងទ័ពបដិវត្តន៍កម្ពុជាមករំដោះបងប្អូនពីចក្រពត្តិអាមេ៉រិកហើយ ស្រុកយើងសានត្រាន្តហើយ។ នាពេលនោះដែរ គេបានឃើញក្រុមទាហាន លន់ នល់ រាប់រយរាប់ពាន់នាក់ នាំគ្នាដោះសម្លៀកបំពាក់ក្រឡាខ្លាឃ្លោកនិងបានយកកន្សែងស មកគ្រវីជាសញ្ញាសុំចុះចាញ់កងទ័ពរំដោះព្រមទាំងបានយកកាំភ្លើងចម្រុះដែលភាគច្រើនជាប្រភេទអាកា អឹមសី អាអ៊ែរកែង បេ៤០ បេ៤១ គ្រាប់បែកដៃ។ ល ។ យកទៅទម្លាក់គរដូចភ្នំ ដើម្បីប្រគល់ជូនកងទ័ពរំដោះ(ខ្មែរក្រហម)ដែលបញ្ជាក់ថាទាហានរដ្ឋាភិបាលលន់ នល់បរាជ័យហើយ។
(នៅមានត)
( ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត)