ភ្នំពេញ៖ ក្រោយមានការសំណូមពរ និងរាយការណ៍ពីពលរដ្ឋ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចាត់ឲ្យ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះបង្ក្រាបទីតាំងល្បែងហ្គេមអនឡាញ(ណេត) យីហោ MS ដែលលបលួចបើកល្បែងស៊ីសងខុសច្បាប់ដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដោយទទួលបាននូវការបញ្ជាផ្ទាល់ពី លោក ឯក ឃុនដឿន អភិបាលនៃគណៈភិបាលខណ្ឌប្ញស្សីកែវ បានចាត់ឲ្យ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារចម្រុះខណ្ឌចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងហ្គេមអនឡាញ(ណេត)ខុសច្បាប់មួយទីតាំងស្ថិតនៅផ្ទះលេខ២៥៣ យីហោ MS Net ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមមន្រ្តីជំនាញបានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់ទីតាំងលបលួចបើកល្បែងស៊ីសងខុសច្បាប់ ដោយមានការសំណូមពរនិងរាយការណ៍យ៉ាងច្បាស់ពីពលរដ្ឋ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដាក់កម្លាំងចុះឆ្មក់បង្ក្រាប់ជាក់ស្ដែងតែម្ដង។
ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការអជ្ញាធរបានរឹបអូសសម្ភារៈមួយចំនួនដូចជា កុំព្យូទ័រ ចំនួន៣គ្រឿង ម៉ូនីទ័រចំនួន៤ គ្រឿង ទូរទស្សន៍ចំនួន ១គ្រឿង ចំពោះសម្ភារៈត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានគរបាល ខណ្ឌប្ញស្សីកែវ។ ដោយឡែកទីតាំងខាងលើអជ្ញាធរសម្រេចបិទជាស្ថាពរផងដែរ៕
ដោយ រ៉ារ៉ា